អគ្គនាយកសុីម៉ាក់ ចុះពិនិត្យការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ក្នុងក្រុងក្រចេះ
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកសុីម៉ាក់ និងថ្នាក់ដឹកនាំអង្គភាពស៊ីម៉ាក់ នៅថ្ងៃពុធ ១៥រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានចុះពិនិត្យការងារបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាម ដែលកម្លាំងជំនាញអង្គភាពស៊ីម៉ាក់កំពុងបំពេញកិច្ចប្រតិបត្តិការ មានទីតាំងស្ថិតនៅក្នុងបរិវេណវិទ្យាល័យព្រះមហាក្សត្រិយានីកុសុមៈ ភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ។
ផ្អែកតាមព័ត៌មានពីសាក្សីដែលធ្លាប់បានឃេីញ និងរស់នៅក្បែរៗវិទ្យាល័យនេះ បានឱ្យដឹងថា ទីតាំងវិទ្យាល័យព្រះមហាក្សត្រិយនីកុសុមៈនេះ ជាទីតាំងសាលារៀនចាប់តាំងពីសម័យសង្គមរាស្ត្រនិយម ប៉ុន្តែក្នុងសម័យខ្មែរក្រហម(១៩៧៥-ដេីមឆ្នាំ១៩៧៩) ទីតាំងវិទ្យាល័យក៏បានប្រែក្លាយជាបន្ទាយកងទ័ពខែ្មរក្រហម។
ក្រោយថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ទីតាំងនេះបន្តប្រេីធ្វេីជាបន្ទាយរហូតដល់ឆ្នាំ១៩៨៧ ទេីបប្រគល់អតីតបន្ទាយទាហាននេះមកឲ្យមកអាជ្ញាធរខេត្តក្រចេះ ប្រេីប្រាស់ធ្វេីជាសាលារៀនវិញ។
តាមព័ត៌មានទទួលបាននិងការបញ្ជាក់សញ្ញាកំណត់ទីតាំង បានឲ្យដឹងថា មានកម្លាំងប្រតិបត្តិការរបស់អង្គភាពស៊ីម៉ាក់បានរុករកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមគ្រប់ប្រភេទសរុបចំនួនជាង២,១០០គ្រាប់។
តាមការសន្និដ្ឋានរបស់មន្រ្តីជំនាញ អាចនៅមានសេសសល់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះសំណល់សង្គ្រាមជាច្រើនទៀត ដែលត្រូវបន្តប្រតិបត្តិការទៅមុខទៀត។
ជាមួយគ្នានេះដែរ កម្លាំងជំនាញអង្គភាពស៊ីម៉ាក់ក៏បានស្នើសុំគណៈគ្រប់គ្រងសាលាផ្អាកការសិក្សារៀនសូត្ររបស់សិស្សានុស្សិសមួយរយៈ ក្នុងន័យរក្សាបាននូវសុខសុវត្ថិភាព និងបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានឡើងជាយថាហេតុផងដែរ ៕