រដ្ឋមន្ត្រីក្រសួងអប់រំ ទទួលជួបពិភាក្សាលើផែនការសកម្មភាពសម្រាប់កិច្ចសហការក្នុងការអនុវត្តកម្មវិធីផ្ដល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយនាយិកាប្រចាំកម្ពុជា និងជាអ្នកតំណាង WFP
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាលើផែនការសកម្មភាពសម្រាប់កិច្ចសហការក្នុងការអនុវត្តកម្មវិធីផ្ដល់អាហារ តាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាមួយលោកស្រី Claire Conan នាយិកាប្រចាំកម្ពុជា និងជាអ្នកតំណាង WFP។
កិច្ចពិភាក្សាបានផ្តោតទៅលេី៖
១-ការត្រៀមរៀបចំសម្រាប់ចូលរួមកិច្ចប្រជុំពិភពលោកនៃសម្ព័ន្ធភាពរដ្ឋអនុវត្តកម្មវិធីផ្ដល់អាហារ តាមសាលារៀន
២-ការរៀបចំគម្រោងសំណើសុំថវិកាទៅទីភ្នាក់ងារអភិវឌ្ឍអន្តរជាតិកូរ៉េឆ្នាំ២០២៤-២០២៨
៣-ទស្សនកិច្ចរបស់ ឯកឧត្តមឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទៅកាន់សាលារៀនអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន។
ក្នុងក្របខណ្ឌកម្ពុជា ក្រសួងអប់រំ យុវជន និងកីឡា បានចូលជាសមាជិកសម្ព័ន្ធភាពរដ្ឋផ្ដល់អាហារតាមសាលារៀន នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ និងបានដាក់ចេញនូវសេចក្ដីថ្លែងការណ៍សកលស្តីពីការប្ដេជ្ញាចិត្តរបស់កម្ពុជា ក្នុងនាមជាប្រទេសសមាជិកសម្ព័ន្ធភាពរដ្ឋផ្ដល់អាហារតាមសាលារៀន
ក្នុងន័យនេះ កម្ពុជាបានត្រៀមខ្លួនយ៉ាងល្អសម្រាប់ចូលរួមក្នុងកិច្ចប្រជុំកម្រិតពិភពលោកនឹងការប្ដេជ្ញាចិត្ត៖
ទី១-បង្កើនថវិកាសម្រាប់គាំទ្រការអនុវត្តកម្មវិធី
ទី២-ការដាក់បញ្ចូលកម្មវិធីផ្តល់អាហារតាមសាលារៀនជាកម្មវិធីជាតិ និងការបញ្ជ្រាបកម្មវិធីទៅក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រជាតិ ស្ដីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ
ទី៣-ការពង្រឹងកម្មវិធីដែលមានស្រាប់ ដោយផ្អែកលើឧត្តមានុវត្តន៍ និងបទពិសោធ បង្កើតទម្លាប់ បរិភោគអាហារប្រកបដោយសុខភាព និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន
ទី៤-ការផ្តល់កញ្ចប់សកម្មភាពបន្ថែមជាផ្នែកមួយនៃកម្មវិធីផ្ដល់អាហារតាមសាលារៀន ដើម្បី គាំទ្រដល់ការអភិវឌ្ឍមូលធនមនុស្ស
ទី៥-ការបង្កើតនូវក្របខណ្ឌពិនិត្យតាមដាន និងវាយតម្លៃសម្រាប់វាស់វែងការផ្តល់អាហារតាមសាលារៀនរួមទាំងសូចនាករនៃការបំពេញការងាររបស់វិស័យពាក់ព័ន្ធ
ទី៦-ការប្រើប្រាស់ “Peer-to-Peer Community of Practices” នៃសម្ព័ន្ធភាពរដ្ឋផ្ដល់អាហារតាមសាលារៀន ក្នុងនាមជាអ្នកផ្តល់សេវា និងសិក្សាពីបទពិសោធន៍ និងឧត្តមានុវត្តន៍នៃការអនុវត្ត កម្មវិធីផ្ដល់អាហារតាមសាលារៀន ទាំងថ្នាក់តំបន់ និងពិភពលោក ៕