ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ អញ្ជើញប្រកាសតែងតាំងមុខតំណែងអគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកបាត់ដំបង អាណត្តិទី១
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីប្រកាសតែងតាំងមុខតំណែងអគ្គនាយក និងក្រុមប្រឹក្សាភិបាលនៃរដ្ឋាករទឹកបាត់ដំបង អាណត្តិទី១ ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅឯសាលប្រជុំអគារ E សាលាខេត្តបាត់ដំបង។
យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយសម្រេចតែងតាំងឯកឧត្តម អ៊ុត ក្លឹង ជាអគ្គនាយករដ្ឋាករទឹកបាត់ដំបង និងតែងតាំងក្រុមប្រឹក្សាភិបាលរដ្ឋាករទឹកបាត់ដំបង អាណត្តិទី១ ចំនួន៥រូប គឺឯកឧត្តម តូច ឈួនសៅរិទ្ធ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានមន្ទីរ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ខេត្តបាត់ដំបង ជាប្រធាន ឯកឧត្តម អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាសមាជិក លោក ប៉ាវ សុផល អគ្គនាយករងនៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាតំណាងម្ចាស់ភាគហ៊ុន ជាសមាជិក ឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ជាសមាជិក និងឯកឧត្តម អ៊ុត ក្លឹងអគ្គនាយករដ្ឋាករទឹកបាត់ដំបង សមាជិក ។
ឯកឧត្តម តូច ឈួនសៅរិទ្ធ បានបង្ហាញឱ្យដឹងថា បច្ចុប្បន្នអង្គភាពរដ្ឋាករទឹកបាត់ដំបង មានរោងចក្រផលិតទឹកស្អាតចំនួន២ទីតាំង និងមានសមត្ថភាពផលិតទឹកស្អាតបាន ៣៣,៥២០ ម៉ែត្រត្រីគុណក្នុងមួយថ្ងៃ មានបំពង់ទឹកស្អាតប្រវែង ៧៤៧ គីឡូម៉ែត តំណចូលផ្ទះសរុបចំនួន៣៤,៧៣១តំណ ចំនួនគ្រួសារក្នុងតំបន់សេវាកម្ម ៥១,០៩១ គ្រួសារ អត្រាប្រជាជនបានទទួលទឹកស្អាត ចំនួន ៦៨.៧៥% អត្រាគ្របដណ្ដប់តំបន់សេវាកម្មចំនួន៨៥.៨៦% ។
ឯកឧត្តម បានបញ្ជាក់ថា ដើម្បីសម្រេចគោលដៅរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៦ និងមានទស្សនៈវិស័យវែងឆ្ងាយនោះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំប្រឹងប្រែងរកជំនួយអភិវឌ្ឍន៍វិស័យទឹកស្អាត ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានផ្ដល់ជូនអង្គភាពរដ្ឋាករទឹកបាត់ដំបង នូវគម្រោងទឹកស្អាត និងអនាម័យខេត្ត មានទឹកប្រាក់ប្រមាណ៣៣,៦ លានដុល្លា
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយទឹកស្អាតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានផែនការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋនៅគ្រប់ទីប្រជុំជនឱ្យបាន១០០% ក្នុងឆ្នាំ២០២៥ និងគោលដៅសហវត្សទឹកស្អាតជាសកលឱ្យបាន១០០% នៅឆ្នាំ២០៣០ ហើយការអនុវត្តផែនការនេះត្រូវចាប់ផ្តើមពីទីក្រុងបាត់ដំបងនៃខេត្តបាត់ដំបង ជាមុនដោយឈរលើបុរេលក្ខខណ្ឌ៤យ៉ាង គឺទឹកត្រូវតែមានគុណភាព សុវត្ថិភាព និរន្តរភាព និងមានតម្លៃសមរម្យ ។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅអគ្គនាយក និងក្រុមប្រឹក្សាភិបាល គឺមានភារកិច្ចជាច្រើនដែលត្រូវបំពេញចំពោះមុខដែលការធ្វើកំណែទម្រង់នេះនឹងជះឥទ្ធិពលជាវិជ្ជមានដល់ការពង្រឹងចីរភាពរបស់អង្គភាពបង្កើននូវប្រសិទ្ធភាពក្នុងការគ្រប់គ្រង ដឹកនាំ ចាត់ចែងការងាររបស់អង្គភាពដោយភាពម្ចាស់ការកាត់បន្ថយការពឹងផ្នែកជំនួយហិរញ្ញវត្ថុពីថវិកាជាតិ បង្កើនការទទួលខុសត្រូវកាន់តែខ្ពស់ ប្រកបដោយគណនេយ្យភាព និងតម្លាភាពក្នុងការគ្រប់គ្រង ការធ្វើអាជីវកម្ម និងការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតឱ្យធានាបាន គុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ស្របតាមគោលដៅរបស់រាជរដ្ឋាភិបាល៕