ឧត្តមសេនីយ៍ត្រី វង្ស វិត ប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិ ៦លានរៀល ជូនគ្រួសារសពអនុសេនីយ៍ឯក ហ៊ុល សេដ្ឋា នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងប៉ោយប៉ែត
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស តំណាងលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បាននាំយកថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជានិងថវិកាចូលរួមរបស់កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សរុបចំនួន១៤.១៧០.០០០រៀល(១៤លាន១សែន៧ម៉ឺនរៀល) ប្រគល់ជូនក្រុមគ្រួសារលោកអនុសេនីយ៍ឯក ហ៊ុល សេដ្ឋាអត្តលេខ៥៩០៣១ នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រុងប៉ោយប៉ែត ដែលទទួលមរណភាពនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣វេលាម៉ោង០៤និង០០នាទី ដោយជំងឺក្រិនថ្លើម។ សពបានរៀបចំធ្វើបុណ្យតាមប្រពៃណីនៅវត្តថ្មី ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ថ្លែងនាឱកាសដ៏ក្រៀមក្រំនោះ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស បានថ្លែងថា៖ក្នុងនាមតំណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរជាតិកម្ពុជានិងក្នុងនាមលោកផ្ទាល់ សូមចូលរួមរំលែកនូវមរណទុក្ខដ៏ក្រៀមក្រំនេះជាមួយក្រុមគ្រួសារសព និងចូលរួមសោកស្តាយយ៉ាងក្រៃលែងចំពោះមរណភាពលោក អនុសេនីយ៍ឯក ហ៊ុល សេដ្ឋា គឺជាការបាត់បង់ស្វាមី លោកឪពុក ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌ចំពោះក្រុមគ្រួសារនាគ្រាកន្លងមក។ មួយវិញទៀតស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិយាយជារួមនិងនិយាយដោយឡែកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានបាត់បង់មន្ត្រីនគរបាលដ៏ឆ្នើម០១រូបធ្លាប់បំពេញភារកិច្ចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋានបានល្អប្រសើរនោះផងដែរ ។
លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ជូនក្រុមគ្រួសារសពថា៖ថវិកាដែលយកមកប្រគល់ជូនចំនួន៦លានរៀលនាពេលនេះ គឺជាថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជា តាមលក្ខន្តិកៈរបស់សមាគម ចំពោះមន្ត្រីនគរបាលដែលជាសមាជិករបស់សមាគម មរណភាព ត្រូវបានទទួលថវិកាចំនួន៦លានរៀល ចំពោះស្វាមីឬភរិយារបស់សមាជិក ទទួលបានថវិកាចំនួន២លានរៀល ។
មួយវិញទៀត ដើម្បីចូលរួមចំណែកក្នុងកម្មវិធីបុណ្យសពនេះ កម្លាំងស្នងការដ្ឋាននគរបាលខេត្តបានចូលរួមថវិកាចំនួន៨លាន១សែន៧ម៉ឺនរៀលផងដែរ ៕