ក្រសួងបរិស្ថាន ប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀង
ភ្នំពេញ៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធី ប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ដែលចំណាយថវិកាសាងសង់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉កសម្រាប់ដឹកសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀង។ ដោយមានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម សេង សិលា អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត លោក លោកស្រី តាមមន្ទីរនានាជុំវិញខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋជាច្រើនរូបទៀតផងដែរ។
ឯកឧត្ដម សេង សីលា បានថ្លែងថា ការបង្កើតឱ្យមានទីលានទុកដាក់សំរាមត្រឹមត្រូវជួយឱ្យមូលដ្ឋានមានសោភ័ណភាពល្អ បរិស្ថានល្អនិងបញ្ជៀសការចោលសំរាម ពាសវាលពាសកាល ហើយចាប់ពីពេលនេះតទៅ សូមស្នើដល់ប្រជាពលរដ្ឋទាំងអស់ត្រូវទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដើម្បីឱ្យអ្នកប្រមូលសំរាមយកទៅចាក់នៅទីលានដែលមានសុវត្ថិភាព។
ឯកឧត្ដមអភិបាលរងខេត្ត បានបន្តថា ដើម្បីឱ្យការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ទាមទារឱ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នាជាមួយអាជ្ញាធរ និងក្រុមហ៊ុនប្រមូលសំរាម ក្នុងការផ្ដល់សេវាដល់ក្រុមហ៊ុន ដើម្បីមានលទ្ធភាពក្នុងការប្រមូលសំរាមផងដែរ។ ហើយទីលាននេះក៏បានបង្កើតឱ្យប្រជាពលរដ្ឋមានការងារធ្វើមួយចំនួនទៀត ព្រោះត្រូវការបុគ្គលិក ញែកសំរាមប្រមូលបញ្ចូលទៅដាក់រណ្តៅសំរាមថែមទៀត។ ដូច្នេះ មិនត្រឹមតែជួយអនាម័យ បរិស្ថានក្រុងបានស្អាតទេ ថែមទាំងជួយផ្តល់ការងារដល់ពលរដ្ឋបន្ថែមទៀតដែរ។
ឯកឧត្ដមអភិបាលរងខេត្ត បានជំរុញឱ្យប្រជាពលរដ្ឋ ព្រមទាំងមន្ទីរពាក់ព័ន្ធ អាជ្ញាធរដែនដីទាំងអស់យកចិត្តទុកដាក់ក្នុងការធ្វើអនាម័យបរិស្ថានឱ្យបានស្អាត ជាក្រុងគ្មានសំរាម ប្រកបដោយពណ៌បៃតងស្រស់បំព្រង ដែលជាការទាក់ទាញដល់ភ្ញៀវទេសចរនានាមកកម្សាន្ត និងស្នាក់នៅប្រកបដោយផាសុខភាព។
ឯកឧត្ដម សៅ សុភាព បានថ្លែងថា បញ្ហាបរិស្ថានត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ ហើយបានដាក់ចេញឱ្យអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេសនូវគោលនយោបាយគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន ដើម្បីពង្រឹង និងដោះស្រាយបញ្ហាគ្រប់គ្រងសំរាម និងសំណល់រឹងនៅទីប្រជុំជនឱ្យមានប្រសិទ្ធភាព និងមានសុវត្ថិភាពបរិស្ថាន ខណៈអត្រាបរិមាណសំរាមក្នុងមួយឆ្នាំៗមានការកើនឡើងជាបន្តបន្ទាប់។
បន្ថែមលើសពីនេះ ឯកឧត្ដម សៅ សុភាព ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមលើកកម្ពស់សុខុមាលភាព អនាម័យ សោភ័ណភាពទីក្រុង ទីប្រជុំជន បរិស្ថានស្អាត និងការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ កុំដុតសំរាមផ្ដេសផ្ដាស ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថានការរស់នៅ និងជះក្លិនមិនល្អ និងប៉ះពាល់ដល់សុខភាពសាធារណៈផងដែរ ៕