កងទ័ពរំដោះប្រជាជនចិន ជួយហ្វឹកហ្វឺនកាំជ្រួចការពារអាកាសរយៈកំពស់ទាបQW.3 ដល់កងយោធពលខេមរភូមិន្ទ
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការនៃកងយោធពលខេមរៈភូមិន្ទ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នត្រួតពិនិត្យនិងថែទាំប្រព័ន្ធបញ្ជាប្រយុទ្ធនិងកាំជ្រួចការពារអាកាសរយៈកំពស់ទាបQW.3 សហការជាមួយកងទ័ពរំដោះប្រជាជនចិន នៅភ្នំស្រង់ខេត្តកំពង់ស្ពឺ។ ដោយមានការ អញ្ជើញចូលរួមពី លោក វរសេនីយ៍ឯកពិសេស ថាំង ហាវ ប្រធានការិយាល័យអនុពន្ធ័យោធាចិនប្រចាំព្រៈរាជាណាចក្រកម្ពុជា។
ក្នុងនាមសម្ដេចពិជ័យសេនា ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះកងទ័ពរំដោះប្រជាជនចិនដែលបានចំណាយពេលវេលាស្មារតីនិងថវិកាមកជួយហ្វឹកហ្វឺនដល់កងយោធពលខេមរៈភូមិន្ទ នេះសបញ្ជាក់ឲ្យឃើញពីចំណងមិត្តភាពសហប្រតិបត្តិការដែកថែបរវាងកងទ័ពនិងប្រជាជនកម្ពុជាចិន។
កន្លងមកកងទ័ពប្រជាជនរំដោះចិនបានជួយឧបត្ថម្ភទាំងស្មារតីសម្ភារៈថវិការថ្នាំសង្កូវវ៉ាក់សាំងកូវីដ១៩និងកសាងជំរុំជម្រកដល់កងយោធពលខេមរៈភូមិន្ទនិងបានចូលរួមបណ្ដុះបណ្ដាលធនធានមនុស្សផ្នែកកងទ័ពដល់កងយោពលខេមរៈភូមិន្ទ។
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំរៀងសូត្រទាំងពេលវេលាវិន័យក្នុងពេលកំពុងសិក្សាយកអស់ពីកម្លាំងកាយចិត្តត្រូវប្រតិបត្តិគោរពគ្រូបង្វឹកឲ្យបានល្អសាកសមជាងកងយោធពលខេមរភូមិន្ទ ដើម្បីក្រេបជញ្ជក់រាល់ជំនាញមានឆន្ទៈមោះមុតជាកងទ័ពដើម្បីឆ្លើយតបនិងកាតព្វកិច្ចសំដៅការពារ អធិបតេយ្យភាពជាតិ បូរណភាពជាតិ ស្ថិរភាពនិងសន្តិសុខសង្គមជាតិ។ ជាពិសេសការពារសន្តិសុខសុវត្ថិភាពជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតនិងក្រុមគ្រួសារនិងការពារឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវក្រុមគ្រួសារក្នុងនីតិកាលទី ៧ខាងមុខនេះឱ្យបាន១០០%។ អង្គរក្សត្រូវគោរពប្រតិបត្តិនូវអភិក្រមទាំងបីរបស់បញ្ជាការដ្ឋានអង្គរក្សគឺស្មោះត្រង់ការពារបម្រើនិងហ៊ានពលីកម្មគ្រប់បែបយ៉ាងដើម្បីការពារជាតិសាសនាព្រះមហាក្សត្រ រក្សាការពារសន្តិភាពនិងសុខសន្តិសុខសង្គម។
សូមបញ្ជាក់ថាសិក្ខាកាមកាមមានចំនួន ១២៧ នាក់មកពីបញ្ជាការដ្ឋានអង្គរក្ស វគ្គហ្វឹកហ្វឺនបានបែងចែកជា២ជំនាញ គឺជំនាញកាំជ្រួចការពារ អាកាស រយៈកំពស់ទាបQW.3 និងជំនាញប្រពន្ធ័បញ្ជាប្រយុទ្ធ ៕