រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុញ្ញាតឱ្យនាយក (UNAFEI) និងគណៈប្រតិភូនៃ (UNODC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យ លោក MORINAGA TARO នាយកវិទ្យាស្ថានអាស៊ី និងចុងបូព៌ារបស់អង្គការសហប្រជាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការប្រព្រឹត្តចំពោះជនល្មើស (UNAFEI) និងគណៈប្រតិភូនៃការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
កិច្ចពិភាក្សានៅក្នុងជំនួបនេះ បានផ្តោតសំខាន់លើការងារមួយចំនួនដែលពាក់ព័ន្ធនឹងការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌ ជាមួយនឹង (UNAFEI) និង (UNODC) ទៅលើផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
ថ្លែងក្នុងជំនួបនេះ, លោក MORINAGA TARO បានថ្លែងអំណរគុណចំពោះក្រសួងយុត្តិធម៌ដែលបានផ្តល់កិច្ចសហប្រតិបត្តិការ ផ្នែកច្បាប់នៅក្នុងវិស័យព្រហ្មទណ្ឌ ហេីយលោកបានបន្តលើកឡើងថា (UNAFEI) សហការជាមួយ (UNODC) បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ការគាំទ្រទៅលេីការអនុវត្តប្រព័ន្ធដោះលែងដោយមានលក្ខខណ្ឌ រួមទាំងបន្តការគាំទ្រកម្មវិធីក្នុងរយៈពេលវែងផងដែរ។
មានប្រសាសន៍ក្នុងឱកាសជំនួបនេះ, ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណចំពោះ (UNAFEI) និង (UNODC) ដែលបានផ្តល់កិច្ចសហប្រតិបត្តិការជាមួយក្រសួងយុត្តិធម៌នាពេលកន្លងមកផងដែរ។
ទន្ទឹមនេះ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍ និងស្នើឱ្យ (UNAFEI) និង ( UNODC) ពិនិត្យលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទៅលើ៖ ទី១-ការដោះលែងដោយមានលក្ខខណ្ឌ និងទី២-ទោសការងារសហគមន៍ ដោយដាក់ចេញជាយន្តការអនុវត្តបន្ថែមទៀត ៕