តំណាងរាស្រ្តទាំង ១២៥រូប ត្រូវបានប្រកាសសុពលភាព ខណៈរសៀលថ្ងៃនេះស្បថចូលកាន់តំណែង
ភ្នំពេញ៖ តំណាងរាស្រ្តជាប់ឆ្នោតសរុប១២៥រូប ក្នុងនោះមាន ១២០រូប មកពីគណបក្សប្រជាជនកម្ពុជា និង៥រូបទៀតមកពីគណបក្សហ៊្វុនស៊ិនប៉ិច ត្រូវបានប្រកាសសុពលភាព នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ ក្នុងសម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ដែលដឹកនាំដោយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាព្រឹទ្ធសមាជិក ដែលមានអាយុចាស់ជាងគេ។
សម័យប្រជុំលើកទី១ នៃរដ្ឋសភា នីតិកាលទី៧ ត្រូវបានធ្វើឡើងបន្ទាប់ពី សម័យប្រជុំលើកដំបូង រដ្ឋសភា ដែលធ្វើឡើងក្រោមព្រះរាជអធិបតីដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបិទបញ្ចប់ ជាមួយនឹងការថតរូបទុកជាអនុស្សាវរីយ៍ នៅមុខវិមានរដ្ឋសភា។
បន្ទាប់ពីទទួលបានការប្រកាសសុពលភាពនេះហើយ តំណាងរាស្ត្រទាំង១២៥រូប នឹងត្រូវស្បថចូលកាន់តំណែង ក្នុងព្រះបរមរាជវាំង នៅមុខព្រះភក្ត្រព្រះមហាក្សត្រ និងសម្តេចសង្ឃរាជទាំងពីរគណៈ នៅរសៀល ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះផងដែរ។
នៅក្នុងពិធីបើកសម័យប្រជុំលើកដំបូង នាព្រឹកមិញនេះ ព្រះករុណាព្រះមហាក្សត្របានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភាដែលជាអង្គការមានអំណាចនីតិប្បញ្ញត្តិ នឹងបន្តបំពេញភារកិច្ចរបស់ខ្លួនដូចមាន កំណត់ក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ជាធរមាន ដើម្បីបន្តនិរន្តរភាពនយោបាយ សេដ្ឋកិច្ចសង្គម វប្បធម៌ កសាងព្រះរាជាណាចក្រកម្ពុជា ជារដ្ឋដ៏រឹងមាំ និងជឿនលឿន ដោយផ្អែកលើច្បាប់ ធានាការអនុវត្តច្បាប់ដោយស្មើភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប និងធានាការពារលើកស្ទួយ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋ។
តំណាងរាស្ត្រក្នុងរដ្ឋសភា ជាតំណាងប្រជាជាតិខ្មែរទាំងមូល ធ្វើយ៉ាងណាខិតខំប្រឹងប្រែងបន្ថែមទៀត ជួយប្រជាពលរដ្ឋឲ្យរស់នៅបានស្មើភាពគ្នាក្នុងជំនឿសាសនា ការសិក្សារៀនសូត្រ ការមានការងារធ្វើសមរម្យទៅតាមកម្លាំងសមត្ថភាព និងកម្រិតវិជ្ជារបស់ខ្លួន។
ព្រះអង្គបានមានព្រះបន្ទូលបន្ថែមថា ច្បាប់ទាំងឡាយដែលរដ្ឋសភាបានអនុម័ត គឺជាឧបករណ៍គតិយុត្តសម្រាប់រាជរដ្ឋាភិបាលអនុវត្ត និងលើកកម្ពស់នីតិរដ្ឋ សំដៅឲ្យប្រទេសយើងមានក្របខ័ណ្ឌច្បាប់គ្រប់គ្រាន់ និងល្អ ស្របតាមការវិវឌ្ឍរីកចម្រើនរបស់សង្គមជាតិ៕