គណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ ទទួលជួបទ្វេភាគី និងអញ្ជើញចូលរួមកិច្ចប្រជុំ ជាមួយបណ្តារដ្ឋសមាជិកអាស៊ាន
ឥណ្ឌូនេស៊ី៖ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានគណៈប្រតិភូកម្ពុជា នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Lee Ju Hyoung អគ្គរដ្ឋអាជ្ញា និងជាអនុរដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អទៅវិញទៅមករវាងប្រទេសទាំងពីរ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ បន្ទាប់មក ភាគីទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់លើកិច្ចការងារមួយចំនួន ដែលពាក់ព័ន្ធនឹងការងារពង្រឹងការអនុវត្តច្បាប់ ជាពិសេសបានគាំទ្រដល់ការពង្រឹង និងលើកកម្ពស់កិច្ចសហការប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនផងដែរ។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធាន SOMTC-កម្ពុជា ក៏បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំជាមួយបណ្តារដ្ឋសមាជិកអាស៊ាន (SOMTC Preparatory Meeting) ដើម្បីត្រៀមខ្លឹមសារសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន លើកទី១៧ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ូន បាចូ ប្រទេសឥណ្ឌូនេស៊ី។
ដោយឡែកនារសៀលថ្ងៃដដែលនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ និងជាប្រធាន SOMTC-កម្ពុជា ក៏បានបន្តអញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំត្រៀម សម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តីអាស៊ានបូក ជាមួយប្រទេសដៃគូសន្ទនា (SOMTC Preparatory Meeting Plus Dialogue Partners) ដែលរួមមាន៖ ចិន, ជប៉ុន និងកូរ៉េ ព្រមទាំងជាមួយប្រទេសដៃគូសន្ទនាបូក៣ (SOMTC + 3) ចិន, ជប៉ុន, និងកូរ៉េ។
លើសពីនេះទៀត នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣ នោះដដែល ឯកឧត្តម សន្តិបណ្ឌិត សុខ ផល ប្រធានគណៈប្រតិភូកម្ពុជា ក៏បានអញ្ជើញចូលរួមពិធីព្យុះហយាត្រាស្វាគមន៍ (Welcoming Parade) ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម អគ្គស្នងការនគរបាលជាតិឥណ្ឌូនេស៊ី។ បន្ទាប់មក ឯកឧត្តម សន្តិបណ្ឌិត ប្រធានគណៈប្រតិភូកម្ពុជា ក៏បានបន្តអញ្ជើញចូលរួមក្នុងកម្មវិធីទទួលស្វាគមន៍ និងទស្សនាថ្ងៃលិចលើនាវា (Sunset Cruise) ដែលបានរៀបចំដោយភាគីម្ចាស់ផ្ទះឥណ្ឌូនេស៊ី ផងដែរ៕