រដ្ឋសភាបន្តសម័យប្រជុំលើកទី១ ជ្រើសតាំងប្រធាន អនុប្រធាន និងផ្តល់សេចក្តីទុកចិត្តលើរាជរដ្ឋាភិបាលថ្មី នៅព្រឹកស្អែកនេះ
ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ស្អែកនេះ នឹងបន្តសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ ដើម្បីធ្វើការបោះឆ្នោតជ្រើសតាំង ប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្ដល់សេចក្ដី ទុកចិត្តចំពោះរាជរដ្ឋាភិបាល។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភា។
តាមរយៈលទ្ធផលសម័យប្រជុំដំបូងនៃរដ្ឋសភា នីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋសភាបានសម្រេចលើរបៀបវារៈចំនួន ២ គឺ៖
ទី១.ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់សមាជិកនីមួយៗ ដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានអាននូវបញ្ជីបេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រ នីតិកាលទី៧ តាមលំដាប់អាយុពីខ្ពស់មកទាប ដូចមានភា្ជប់ជាមួយសេចក្តីប្រកាសស្តីពីការសម្រេចនៃសុពលភាពនៃអាណត្តិរបស់តំណាងរាស្ត នីតិកាលទី៧ នៃរដ្ឋសភា។
ទី២.ការអនុម័តបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ដោយ អង្គរដ្ឋសភាបានធ្វើអនុម័តយល់ព្រមលើបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា នីតិកាលទី៧ ទាំងមូល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧នេះ។
នារសៀលថ្ងៃទី២១ ខែសីហាដដែលនេះ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ព្រឹទ្ធសមាជិករដ្ឋសភា បានយាង និងអញ្ជើញ សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រនីតិកាលទី៧ទាំងអស់ ធ្វើសច្ចាប្រណិធានមុនចូលកាន់តំណែងជាផ្លូវការនៅព្រះបរមរាជវាំងផងដែរ។
ចំណែកសម័យប្រជុំរដ្ឋសភាលើកទី១ នីតិកាលទី៧ រដ្ឋសភាបានកំណត់ បន្តនៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០ព្រឹក ដើម្បីជ្រើសតាំងប្រធាន អនុប្រធានរដ្ឋសភា ប្រធាន អនុប្រធានគណៈកម្មការជំនាញទាំងអស់នៃរដ្ឋសភា និងផ្តល់សេចក្តីទុកចិត្តចំពោះរាជរដ្ឋាភិបាលថ្មី។ ជាមួយគ្នានេះ ក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល ក៏នឹងត្រូវបង្កើតឡើងហើយពេលរសៀលគណៈរដ្ឋមន្ត្រីថ្មី នឹងត្រូវស្បថចូលកាន់ដំណែងជាផ្លូវការ ៕