ឯកឧត្តម ហ៊ុន ម៉ានី ប្តេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន តម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង
ភ្នំពេញ៖ ក្រោយពីអញ្ជើញចូលធ្វើពិធីសច្ចាប្រណិធាន នៅមុខព្រះភក្ត្រ ព្រះមហាក្សត្រ នារសៀលថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានប្តេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី តម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង។
ឯកឧត្តម មានប្រសាសន៍តាមទំព័រហ្វេសប៊ុកយ៉ាងដូច្នេះថា “នារសៀលនេះ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណាខ្ញុំ ព្រមទាំង សម្តេច ព្រះអង្គម្ចាស់ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្តទាំង១២៥ អង្គ រូប បានធ្វើសច្ចាប្រណិធាន ស្បថចូលកាន់តួនាទីជាតំណាងរាស្រ្តស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះសង្ឃរាជ និងសម្តេចព្រះសង្ឃនាយករងទាំង២គណៈ។ ទូលព្រះបង្គំជាខ្ញុំ ខ្ញុំព្រះករុណា សូមប្តេជ្ញាបម្រើជាតិ មាតុភូមិ និងប្រជាជន ដោយយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតី និងតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាចម្បង”។
សូមជំរាបថា តំណាងរាស្ត្រទាំង១២៥រូប នៃរដ្ឋសភា នីតិកាលទី៧ បានយាង និងអញ្ជើញចូលរួមធ្វើពិធីសច្ចាប្រណិធាននៅ មុខព្រះភក្ត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងព្រះទីនាំងទេវាវិនិច្ឆ័យ ព្រះបរមរាជវាំង នាល្ងាចថ្ងៃទី ២១ ខែសីហា ឆ្នាំ២០២៣នេះ បន្ទាប់ពីប្រជុំសភាលើកដំបូង៕