សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំនៅមានលទ្ធភាព បន្ដធ្វើជានាយករដ្ឋមន្ដ្រី ក្នុងអាណត្តិទី៧ ប៉ុន្ដែលះបង់ឲ្យអ្នកជំនាន់ក្រោយ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បើតាមស្ថានភាពសុខភាពរបស់សម្ដេច គឺនៅមានលទ្ធភាពអាចកាន់តំណែងនាយករដ្ឋមន្ត្រី បានមួយអាណត្តិទៀត ប៉ុន្ដែសម្ដេចមិនបន្ដនោះឡើយ ពោលសម្ដេចសម្រេចចិត្តលះបង់ឲ្យអ្នកបន្ដវេនជំនាន់ក្រោយ។
ក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «អស់លោកអាចឃើញអំពីសុខភាពរបស់ខ្ញុំ ពិតមែនតែខ្ញុំបានឆ្លងកាត់ដំណាក់កាលដ៏យូរនេះ ប៉ុន្ដែខ្ញុំនៅមានលទ្ធភាព ដើម្បីនឹងធ្វើបន្ដក្នុងអាណត្តិថ្មី។ នៅប្រទេសមួយចំនួននាយករដ្ឋមន្ដ្រីត្រូវបានចាកចេញពីតំណែងនៅពេលសន្លឹកឆ្នោតធ្លាក់ចុះ ឬនៅពេលចេញឆ្នោតតែម្ដង ប៉ុន្ដែករណីរបស់ខ្ញុំ នៅពេលដែលសន្លឹកឆ្នោតកើនឡើងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិរបស់គណបក្សប្រជាជន ខ្ញុំបែរជាចាកចេញពីតំណែងនាយករដ្ឋមន្ដ្រី» ៕