ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អបអរសាទរ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានរដ្ឋសភា នីតិកាលទី៧ បោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
ការទទួលបានតំណែងជា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មី ដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាសក្តិសមបំផុតសម្រាប់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើមមួយរូបរបស់គណបក្សប្រជាជនកម្ពុជា ដែលមានទាំងគុណធម៌ សីលធម៌ គតិបណ្ឌិតខ្ពស់ សមត្ថភាពពេញលេញ ទេពកោសល្យ និងមានមនសិកាស្នេហាជាតិ ក្នុងការប្រតិបត្តិតាមគន្លងមាគ៌ាដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនៃនយោបាយ ឈ្នះ ឈ្នះ និងជាបិតាសន្តិភាពរបស់កម្ពុជា។
ក្នុងឱកាសដែល ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ទទួលបានការបោះឆ្នោតអនុម័តទាំងស្រុងលើសមាសភាពគណៈរដ្ឋមន្ត្រីថ្មីនៃរដ្ឋសភា ជានាយករដ្ឋមន្ត្រី នាសម័យប្រជុំលើកទី១ នីតិកាលទី៧ ដែលធ្វើឡើងនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ។
ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាតាមជួយបីបាច់ថែរក្សាប្រទានពរជ័យគ្រប់ប្រការជូន ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំ កសាង និងអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន ថ្កុំថ្កើនរុងរឿងថែមទៀត ក្រោមម្លប់នៃសុខសន្តិភាព ជានិច្ចនិរន្តរ៍តរៀងទៅ ៕