ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងទទួលបន្ទុកជួយនាយករដ្ឋន្ត្រី លើការងារទាក់ទាញការវិនិយោគឯកជន និងការងារសំខាន់ៗមួយចំនួនទៀត
ភ្នំពេញ៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានសម្រេច កំណត់របៀបរបបការងារ និងការបែងចែកភារកិច្ច របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ។
ក្នុងការបែងចែកនេះឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី នឹងទទួលបន្ទុកជួយនាយករដ្ឋមន្ត្រី លើការងារទាក់ទាញការវិនិយោគឯកជន និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ទទួលបន្ទុកជាសហប្រធានខាងភាគីកម្ពុជា នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគញរប់ជ្រុងជ្រោយ ។
ក្រៅពីនេះឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ជួយនាយករដ្ឋមន្ត្រី លើការងារគមនាគមន៍ដឹកជញ្ជូន និងភស្ដុភាកម្ម ទាំងការដឹកជញ្ជូនផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស និងជាប្រធានក្រុមប្រឹក្សាជាតិភស្ដុភាកម្ម ព្រមទាំងទទួលអនុវត្តការងារពិសេស ឬបេសកកម្មពិសេសផ្សេងទៀត ដែលនាយករដ្ឋមន្ត្រីប្រគល់ជូន ។
សូមរំលឹកថា ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់មានតួនាទីជាអតីតរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៕