ថ្ងៃដំបូង! រដ្ឋមន្ត្រីការងារ ហេង សួរ ចុះពិនិត្យសកម្មភាពផលិតស្បែកជើង និងហូបបាយជាមួយកម្មករនិយោជិត នៅរោងចក្រផ្លូវវេងស្រេង
ភ្នំពេញ៖ ថ្ងៃដំបូងនៃការចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្ដម ហេង សួរ បានអញ្ជើញទៅពិនិត្យមើលសកម្មភាពផលិតស្បែកជើង និងបានហូបបាយជាមួយបងប្អូនកម្មករនិយោជិត ដែលធ្វើការនៅរោងចក្រផលិតស្បែកជើង ម៉េងដា ហ្វូតវៀ នៅផ្លូវវេងស្រេង ។
បច្ចុប្បន្នរោងចក្រនេះមានកម្មករនិយោជិតសរុបជាង ៣ពាន់នាក់ ក្នុងនោះមានបងប្អូនកម្មការិនី ដែលកំពុងមានផ្ទៃពោះចំនួន ១៦០នាក់ និងជនដែលមានពិការភាពចំនួន ៤៣នាក់ ។
បងប្អូនកម្មករនិយោជិតនៅទីនេះធ្លាប់ជួបជាមួយ សម្តេចពុក ហ៊ុន សែន កាលពីឆ្នាំ ២០១៨ ហើយបងប្អូនដែលជារដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម ក៏ធ្លាប់បានជួបជាមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីខែឧសភា ឆ្នាំ២០២៣នេះផងដែរ។ បងប្អូនដែលខ្ញុំបានជួប គឺនឹករឭកដល់ សម្តេចពុក ហ៊ុន សែន ហើយចងចាំជានិច្ចនូវរូបភាពដ៏ស្និទ្ធស្នាល និងកក់ក្ដៅ ដែលសម្តេចពុកបានចុះជួបបងប្អូនកម្មករនាពេលកន្លងទៅ។ បងប្អូនក៏រំពឹងថានឹងបានជួប បងប្រុស ហ៊ុន ម៉ាណែត ដ៏ស្វាហាប់ ម៉ឺងម៉ាត់ និងមានជ័យរបស់គេក្នុងពេលឆាប់ៗនេះផងដែរ។
រសជាតិម្ហូបនៅរោងចក្រនេះគឺឆ្ងាញ់ និងមានអនាម័យល្អ អាចទទួលយកបានជាគំរូមួយ។
ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង រួមទាំងអ្នកគ្រប់គ្រងរោងចក្រនីមួយៗ ត្រូវចុះមកជួប និងហូបបាយជាមួយបងប្អូនឱ្យបានញឹកញាប់ដើម្បីសាករសជាតិម្ហូប លក្ខខណ្ឌអនាម័យ និងរកវិធីសាស្ត្រកែលម្អឱ្យកាន់តែប្រសើរ ឬយកធ្វើជាគំរូទៅកន្លែងផ្សេង។
នៅរោងចក្រនេះ មានសហជីពមូលដ្ឋាន រហូតដល់ទៅជាង ២០សហជីព។ ទំនាក់ទំនងរវាង សហជីពមូលដ្ឋាន និងអ្នកគ្រប់គ្រងគឺអាចចរចា និងដោះស្រាយការងារជាមួយគ្នាបាន ៕