ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតដល់បន្ទប់ជួលតែម្ដង នៅតំបន់រោងចក្រដំបូលខៀវ
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញបន្តចុះពិនិត្យស្ថានភាពការរស់នៅរបស់កម្មករនិយោជិតដល់បន្ទប់ជួលតែម្ដង នៅតំបន់រោងចក្រដំបូលខៀវ តាមបណ្ដោយផ្លូវវេងស្រេង។
គួរជម្រាបថា ក្នុងថ្ងៃចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដំបូងនេះ ឯកឧត្តម ហេង សួរ បានបង្ហាញវត្តមានជាមួយកម្មករនិយោជិតពេញមួយថ្ងៃ ដើម្បីដឹងពីសុខទុក្ខរបស់កម្មករនិយោជិត ព្រមទាំងបានទទួលទានអាហារជាមួយកម្មករនិយោជិតផងដែរ ៕