អាវុធហត្ថខេត្តបន្ទាយជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីលួច និងរក្សាទុកដោយខុសច្បាប់សារធាតុញៀន
បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី ឯកឧត្ដម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ ជនសង្ស័យឈ្មោះ លេង បាត់ ត្រូវបានកម្លាំងកាយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣នេះ ចំណែកទូរសព្ទទាំង០២គ្រឿងត្រូវបានកម្លាំងជំនាញប្រគល់ជូនម្ចាស់ដើមវិញ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានឱ្យដឹងថា៖ ការឈានដល់ឃាត់ខ្លួនជន សង្ស័យក្នុងករណីលួចនេះធ្វើឡើងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះចំនួន០២នាក់ ១-ឈ្មោះ ម៉ី ភា ភេទប្រុស អាយុ២៣ឆ្នាំ ជាសន្តិសុខយាមនៅធនាគារព្រីន បានបាត់ទូរសព្ទ ក្នុងពេលដាក់សាកថ្មនៅកន្លែងធ្វើការ និងឈ្មោះ ប្រេង វែង ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករសំណង់ បានបាត់ទូរសព្ទ ក្នុងពេលដាក់សាកថ្មក្រោមប៉ៅអ៊ីដែលខ្លួនកំពុងដេក ។
លោកមេបញ្ជាការបានបន្តថា៖ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះប្រតិបត្តិការ និងធ្វើការស្រាវជ្រាវតាមវិធានការជំនាញ រហូតដល់វេលាម៉ោង៤ល្ងាច ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ លេង បាត់ ភេទប្រុស អាយុ១៨ឆ្នាំ រួមទាំងដកហូតវត្ថុតាងទូរសព្ទដៃចំនួន០២គ្រឿងដែលរូបគេបានលួចនិងគ្រឿងញៀនម៉្សៅក្រាមពណ៌សថ្លា០១កញ្ចប់តូច នៅចំណុចភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួនាំ ។
លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ បានបញ្ជាក់ថា៖ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ លេង បាត់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរសព្ទម៉ាក IPHONE 8PLUS ពណ៌ខ្មៅ ០១គ្រឿង និងទូរសព្ទម៉ាក VIVO Y16 ពណ៌ខ្មៅ ០១គ្រឿង របស់ដើមបណ្ដឹងទាំង០២នាក់នោះពិតប្រាកដមែន ហើយរូបខ្លួនកន្លងមកនៅកំឡុងឆ្នាំ២០១៩ ក៏ធ្លាប់ជាប់ពន្ធនាគារ នៅខេត្តបន្ទាយមានជ័យ ចំនួន០២ឆ្នាំដែរ៕