រដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ដឹកនាំកិច្ចប្រជុំលើកដំបូង ដើម្បីបែងចែកភារកិច្ច និងការទទួលខុសត្រូវ
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងការពារជាតិលើកដំបូង ដើម្បីបែងចែកភារកិច្ច និងការទទួលខុសត្រូវជូនដល់ រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សំដៅការអនុវត្តច្បាប់ និងដឹកនាំកិច្ចការទូទៅរបស់ក្រសួងការពារជាតិ។
កិច្ចប្រជុំលើកដំបូងនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការដ្ឋាន និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បានរំលឹកអំពីសមិទ្ធផលការងាររបស់ក្រសួងការងារជាតិ ដែលបានរួមចំណែកក្នុងរាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា ដូចជា៖ ការគ្រប់គ្រងការឆ្លងរីករាលដាលជំងឺកូវីដ១៩ ជោគជ័យនៃការទទួលធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងជោគជ័យនៃការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងការប្រកួតកីឡាអាស៊ាន ប៉ារ៉ាហ្គេម លើកទី១២ ព្រមទាំងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិមួយចំនួនទៀត៕