ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ៖ នាយ-ពលទាហាន ត្រូវតែបន្តការពាររាជរដ្ឋាភិបាល ដែលដឹកនាំដោយកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
ភ្នំពេញ៖ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គប្រឆាំងបាតុកម្ម និងក្បាច់គុនកងយោធពលខេមរភូមិន្ទ និងវគ្គហ្វឹកហ្វឺនបំប៉នទូទៅនៅហ្នឹងកន្លែង វរសេនាតូចថ្មើរជើងលេខ៥១៣,៥១៤ចំនួន ៣វគ្គ ដែលមានសិក្ខាកាមសរុប ចំនួន ៣០០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ វរសេនាតូចថ្មើរជើងលេខ៥១៤ និងអង្គភាពចំណុះទីបញ្ជាការ កងពល ដែលស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានកោតសរសើរ និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងពល យោធាចារ្យ ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើក និងបិទវគ្គហ្វឹកហ្វឺន តាមផែនការ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។
លោកមេបញ្ជាការ បានបន្ថែមថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឱកាសសម្រាប់កងទ័ពគឺខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភាពទឹកដី ដែលជាកាតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ជាអ្នកបន្តភារកិច្ចពីរៀមច្បងដែលមានវ័យចាស់។
ក្នុងឱកាសនោះដែរ មេបញ្ជាការកងពល បានថ្លែងអំណរគុណចំពោះនាយ-ពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១ គឺបានខិតខំប្រឹងប្រែងបំពេញបេសកកម្ម ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ការងារមនុស្សធម៌ យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាក ទីនោះមានមុខកងទ័ពចុះជួយជានិច្ច។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ មេបញ្ជាការ កងពល ក៏ផ្តាំផ្ញើដល់នាយ-ពលទាហានទាំងអស់ ត្រូវតែបន្តការពារដាច់ខាតរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕