រដ្ឋមន្រ្ដីក្រសួងធនធានទឹក ចុះពិនិត្យប្រឡាយសំខាន់ៗជួយរំដោះជំនន់ទឹកភ្លៀង ស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត
ភ្នំពេញ៖ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយ ឯកឧត្ដម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងមន្រ្ដីជំនាញជាច្រើនទៀត បានបន្តចុះទៅពិនិត្យមើលប្រឡាយសំខាន់ៗមួយចំនួនសម្រាប់ជួយបញ្ចៀសជំនន់ទឹកភ្លៀង ដែលស្ថិតនៅផ្នែកខាងក្រោមនៃស្ទឹងព្រែកត្នោត។
ឯកឧត្ដមរដ្ឋមន្រ្ដី បានអញ្ជើញចុះពិនិត្យប្រឡាយលេខ៩២ ប្រឡាយលេខ៩៤ និងប្រឡាយលេខ៩៦។ ប្រឡាយទាំងនោះ មានតួនាទីយ៉ាងសំខាន់ក្នុងការជួយរំដោះទឹកភ្លៀងកុំឱ្យលិចលង់ក្នុងខណ្ឌមួយចំនួនក្នុងរាជធានីភ្នំពេញ និងមួយផ្នែកនៃស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្ដកណ្ដាល។
ក្នុងខណៈនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី ណែនាំដល់មន្ដ្រីជំនាញរបស់ក្រសួងធនធានទឹក និងឧតុនិយម និងមន្ដ្រីជំនាញមន្ទីរធនធានទឹក និងឧតុនិយមខេត្ដកណ្ដាល ឱ្យយកចិត្ដទុកដាក់សិក្សាបន្ថែមទៀតក្នុងការបើកមុខទឹកដើម្បីបញ្ចៀសជំនន់ទឹកភ្លៀង និងទឹកហូរមកពីផ្នែកខាងលើស្ទឹងព្រែកត្នោត ដែលធ្វើឱ្យប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធ និងខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈជន ៕