នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោកជំទាវ ចាត់ក្រុមការងារ TYDA នាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ទៅប្រគល់ជូន រដ្ឋបាលសាលាខេត្តស្វាយរៀង
ភ្នំពេញ៖ ដោយមានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ លោកទាំងទ្វេ បានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ TYDA នាំយកសម្ភារបរិក្ខាពេទ្យ និងសម្ភារប្រើប្រាស់មួយចំនួន ទៅប្រគល់ជូន រដ្ឋបាលសាលាខេត្តស្វាយរៀង សម្រាប់ប្រើប្រាស់ទៅតាមតម្រូវការជាក់ស្តែង មានជាអាទិ៍៖
១. សម្ភារបរិក្ខារពេទ្យ(ចម្រុះ)ចំនួន ២០០កេស
២. ខ្នើយចំនួន ១០០ ខ្នើយ
៣. ស្រោមដៃចំនួន ២៥.០០០ គូ
៤. អាវការពាររោគកម្រិត២ចំនួន ១៥.០០០ អាវ
៥. ឈើច្រត់រៀនដើរចំនួន ៣០ សម្រាប់
៦. ជើងរៀនដើរមានកង់ចំនួន ១០ សម្រាប់
ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង តាងនាមឱ្យថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ នៃរដ្ឋបាលខេត្តស្វាយរៀង បានធ្វើការគោរពថ្លែងអំណរគុណចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត និងលោកជំទាវបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរយកចិត្តទុកដាក់ក្នុងការថែទាំសុខភាពរបស់ប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានគោរពជូនពរលោកទាំងទ្វេ ក្នុងការបន្ដដឹកនាំព្រះរាជាណាចក្រកម្ពុជា ឆ្ពោះទៅកាន់សុខសន្តិភាព វឌ្ឍនភាព និងភាពសម្បូរសប្បាយរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅ ៕