ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងប្រគល់សៀវភៅប្រវត្តិសាស្រ្តសំខាន់ៗ ជូនមេបញ្ជាការបណ្តាកងឯកភាព
ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំពិធីផ្សព្វផ្សាយសភាពការណ៍អន្តរជាតិ សភាពការណ៍ក្នុងតំបន់និងសភាពការណ៍ជាតិថ្មីៗ ព្រមទាំងបានប្រគល់សៀវភៅប្រវត្តិសាស្រ្តសំខាន់ៗ របស់ប្រមុខថ្នាក់ដឹកនាំ នៃព្រះរាជាណាចក្រកម្ពុជាជូនថ្នាក់ដឹកនាំ គ្រូបង្គោល និងមេបញ្ជាការតាមបណ្ដាកងឯកភាពចំណុះ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ជូនអំពីសភាពការណ៍អន្តរជាតិ ដែលជាផលប៉ះពាល់បណ្ដាលមកពីបញ្ហាសង្គ្រាម រវាងរុស្ស៊ី និងអ៊ុយក្រែន ។ ការបញ្ចប់វិបត្តិជាប់គាំងនយោបាយនៅព្រះរាជាណាចក្រថៃឡង់ និងដំណើរការវិវត្តន៍ជាប្រក្រតី នៃរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ ក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់អំពីចំណុចសំខាន់ៗ មួយចំនួននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ដែលមាន :ទី១ ការធានាកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់7% ទី២ការបង្កើតការងារឲ្យបានកាន់តែច្រើនទាំងបរិមាណ និងគុណភាព ។ ទី៣ ការសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង10% ។ ទី៤ បន្តពង្រឹងសមត្ថកិច្ច អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥ ធានាចីរភាពនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការរក្សាភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ លើកកម្ពស់សមភាពយេនឌ័រ គ្រប់គ្រងធនធានធម្មជាតិ និងការវិនិយោគសាធារណៈ ។ ហើយការអនុវត្តន៍គោលដៅយុទ្ឋសាស្ត្របញ្ចកោណនេះ ដោយយកអាទិភាពគន្លឹះទាំង ៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើបឋកថា អំពីសៀវភៅដែលមានចំណងជើងថាកំណត់ហេតុសង្គ្រាម រឿងរ៉ាវសន្តិភាព ដែលទាក់ទិនទៅនិងការធ្វើចម្បាំងនៅខេត្តកំពង់ធំ ដែលបានចងក្រងទុកជាប្រវត្តិសាស្រ្ត ហើយនឹងបានប្រគល់ជូនសៀវភៅ ហ៊ុន សែន កម្ពុជា និងបណ្ដាសៀវភៅជាប្រវត្តិសាស្ត្រមួយចំនួនផ្សេងទៀត ជូនដល់ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ព្រមទាំងមេបញ្ជាការតាមបណ្តាកងឯកភាព ដើម្បីយកទៅសិក្សាស្វែងយល់ និងផ្សព្វផ្សាយអប់រំរៀនសូត្រ ជូនដល់យោធិនក្រោមឱវាទផងដែរ ៕