ជិះម៉ូតូឌុបគ្នាបញ្ច្រាស់ផ្លូវបេីកផ្លូវឱ្យឡានពេទ្យ អកុសលជ្រុលទៅបុករថយន្តស៊េរីទំនេីប បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់២នាក់
ភ្នំពេញ៖ យ៉ាងហោចណាស់មានយុវជនម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង និងពីរនាក់ទៀត របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាបេីកផ្លូវឱ្យឡានពេទ្យទាំងបញ្ច្រាស់ទិសជ្រុលទៅបុករថយន្តស៊េរីទំនេីប Lexus LX570 ចំពីមុខពេញទំហឹង បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតហេតុនៅវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅចំណុចមុខរោងចក្រផលិតទឹកស្អាតនិរោធ តាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សពជនរងគ្រោះខាងលេីនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុនោះ គេឃេីញយុវជនមួយក្រុមមានគ្នា៦នាក់បានជិះម៉ូតូពីរគ្រឿងឌុបគ្នា ដោយម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ បានជិះបេីកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ១ ទិសដៅបញ្ច្រាស់ចរាចរណ៍ពីលិចមកកេីតក្នុងល្បឿនលឿន តែមិនប្រយ័ត្នដោយម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1O-9436 ជិះឌុបគ្នា៣នាក់បានបុករថយន្តស៊េរីទំនេីបម៉ាក Lexus LX570 ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា LY-SOKHA ដែលកំពុងធ្វេីដំណេីរស្របទិសចរាចរណ៍ ចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឱ្យរថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ ។ រីឯយុវជន៣នាក់ភាគីខាងម៉ូតូបានដួលបោកក្បាល បណ្ដាលឱ្យស្លាប់ម្នាក់ភ្លាមៗនៅនិងកន្លែង និងពីរនាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយមក ម្ចាស់រថយន្ត Lexus LX 570បានចុះពីរថយន្តចេញពីកន្លែងកេីតហេតុបន្សល់រថយន្តចោល ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចុះមកធ្វេីការវាស់វែងស្ទួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅបណ្ដោះអាសន្នរង់ចាំដោះស្រាយនាពេលក្រោយ ។ ចំណែកសពជរងគ្រោះទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វេីកំណត់ហេតុ និងស្រាវជ្រាវទាក់ទងរកសាច់ញាតិមកទទួលធ្វេីបុណ្យតាមប្រពៃណី ៕