រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកា ១០០លានដុល្លារ ដើម្បីលើកកម្ពស់វិស័យកសិកម្ម
ភ្នំពេញ៖ ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមថវិកា ១០០ លានដុល្លារ ដើម្បីលើកកម្ពស់វិស័យកសិកម្ម ។
ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមរោងចក្រ មកពីរោងចក្រ សហគ្រាសចំនួន១៣ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី២៩ ខែសីហា ឯកឧត្តមកិត្ដិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងថា «យើងមានកម្មវិធីជាក់លាក់ យើងបានត្រៀមថវិកា១០០លានដុល្លារអាម៉េរិក ដើម្បីអន្តរាគមន៍កសិផល ផលិតផលកសិកម្មដូចជាស្រូវ អង្ករ និងបន្លែផ្សេងៗ» ។
ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត បានបន្ថែមថា ក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល នឹងដាក់ពង្រាយមន្ត្រីកសិកម្ម នៅតាមគ្រប់ឃុំទូទាំងប្រទេស ដែលមានអាទិភាពលើវិស័យកសិកម្មផងដែរ ។
នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យរដ្ឋមន្ត្រី ឌិត ទីណា ជ្រើសរើសមន្ត្រីកសិកម្ម ឱ្យត្រូវជំនាញកសិកម្ម កុំឱ្យរើសមន្ត្រីកសិកម្ម តែបានមកជាវិស្វករសំណង់ទៅវិញ ៕