ឧបនាយករដ្ឋមន្ដ្រី ស សុខា៖ កងកម្លាំងនគរបាលជាតិមានភារកិច្ចជាប់ខ្លួនជានិច្ច ដែលត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ
ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កងកម្លាំងនគរបាលជាតិមានភារកិច្ចជាប់ខ្លួនជានិច្ច ដែលត្រូវអនុវត្តជាប់ជាប្រចាំ មិនថាយប់ មិនថាថ្ងៃ ដើម្បីបម្រើ ការពារជូនប្រជាពលរដ្ឋ។
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលជាតិរាជធានី-ខេត្តនាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣នេះ។
ឯកឧត្តមអភិសន្ដិបណ្ឌិត បានណែនាំដល់ឯកឧត្តម រដ្ឋលេខាធិការទទួលបន្ទុក និងអគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវត្រួតពិនិត្យធ្វើបច្ចុប្បន្នភាពឡើងវិញចំពោះ មន្ត្រីបុស្តិ៍នគរបាលរដ្ឋបាលនៅមូលដ្ឋាន ពិនិត្យមើលឱ្យបានគ្រប់ជ្រុងជ្រោយពីបញ្ហានានារបស់បុស្តិ៍នគរបាលរដ្ឋបាល ដែលកំពុងជួបប្រទះ ជាពិសេស ការកង្វះមន្ត្រីបំរេីការងារ ដែលជាកម្លាំងដ៏សំខាន់នៅកៀកនឹងប្រជាពលរដ្ឋក្នុងការថែក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គមនៅមូលដ្ឋាន និងបម្រើសេវាផ្សេងៗ ជូនប្រជាពលរដ្ឋ ជាពិសេស ចូលរួមអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព។
ក្នុងនោះផងដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងទាំងអស់ ដែលបានបំពេញតួនាទីជូនជាតិសម្រេចបានជោគជ័យធំៗជាច្រើនកន្លងទៅ។
ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ បន្តចូលរួមសហការដឹកនាំ អនុវត្តនូវតួនាទីភារកិច្ចដែលបានប្រគល់ជូនក្នុងអណត្តិទី៧នៃរាជរដ្ឋាភិបាលនេះ ទទួលបានលទ្ធផលជោយជ័យថ្មីៗបន្ថែមទៀតសម្រាប់ជាតិមាតុភូមិ៕