អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យជនជាតិថៃម្នាក់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន ទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់
បន្ទាយមានជ័យ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ។ ជនសង្ស័យម្នាក់ជាជនជាតិថៃ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត ហើយនៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣ ម្សិលមិញ ដើម្បីអនុវត្តតាមនីតិវិធី ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា៖នៅវេលាម៉ោង០២រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ក្រោយបានទទួលពត៌មានពីសន្តិសុខយាមផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីរក្សាទុក ចែកចាយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ភ្លាមៗលោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង ក៏បានចុះទៅដល់ទីតាំងខាងលើឃាត់ខ្លួនជនសង្ស័យម្នាក់ រួមនិងវត្ថុតាងតែ ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី ។
លោក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបន្តឱ្យដឹងទៀតថា៖ ជនសង្ស័យឈ្មោះ ភិឆេត មេកសូផុន (PHICHET MEKSOPHON) ហៅម៉ត ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
វត្ថុតាងដកហូតបានរួមមាន ៖គ្រឿងញៀនប្រភេទម្សៅក្រាមពណ៌សថ្លា (កេតាមីន) ចំនួន ៧កូនថង់កិប ទម្ងន់ ៦,២៥ក្រាម, សៀវភៅលិខិតឆ្លងដែនចំនួន០១ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិថៃ ចំនួន០១សន្លឹក,កាបូបស្ពាយចំនួន០១។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថាក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបាន រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន៕