ឧត្តមសេនីយ៍ឯក លន់ សុផាត ជំរុញកម្លាំងនគរបាលទាំងអស់ ត្រូវបង្កើន និងពង្រឹងសមត្ថភាព ដើម្បីឲ្យស្របតាមយុទ្ធសាស្ដ្របញ្ចកោណរបស់រាជរដ្ឋាភិបាល
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលមន្ដ្រីនគរបាលយុត្តិធម៌, វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសក្មភាពចលាចល និងវគ្គបំប៉នជំនាញអន្ដរាគមន៍ពិសេស នៅសាលានគរបាលជាតិមិត្ដភាពកម្ពុជា-វៀតណាម។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បានលើកឡើងថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយបញ្ចកោណ កំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល បានធ្វើការប្ដេជ្ញាចិត្តខ្ពស់ ក្នុងការធានាឲ្យបាននូវសន្តិភាព ស្ថិរភាព នយោបាយ សេដ្ឋកិច្ច សង្គម សន្តិសុខ និងសុវត្ថិភាព ភូមិ ឃុំ សង្កាត់ ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងផ្តល់ឱកាសឲ្យប្រជាពលរដ្ឋរស់នៅដោយសុខក្សេមក្សាន្ត និងមានជីវភាពល្អប្រសើរ ព្រមទាំងប្តេជ្ញា ការពារសន្តិភាព ឯករាជ្យ និងបូរណភាពទឹកដី មិនឲ្យកម្លាំងណា មករំលោភបំពាន និងបំផ្លាញបានឡើយ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បន្តថា ដើម្បីឈានទៅសម្រេចនូវគោលនយោបាយនេះ ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ បានដាក់ចេញនូវផែនការអភិវឌ្ឍធនធានមនុស្ស និងព្រមទាំងបានផ្ដល់ការ គាំទ្រគ្រប់បែបយ៉ាង ទាំងស្មារតី សម្ភារៈ និងហិរញ្ញវត្ថុ ដើម្បីអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈពង្រឹងគុណភាពអប់រំបណ្ដុះបណ្តាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈដល់មន្ត្រីនគរបាលជាតិ ឲ្យស្របតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំង និងធានាឲ្យបាននូវភាពជាម្ចាស់ការលើការងារបណ្តុះបណ្តាល ដោយកាត់បន្ថយការបញ្ចូនមន្ត្រីនគរបាលជាតិទៅសិក្សា ឬបណ្តុះបណ្តាលនៅក្រៅប្រទេស។
ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក លន់ សុផាត បានណែនាំដល់កងកម្លាំងទាំងអស់បន្តគាំទ្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត និងដឹកនាំដោយ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក បានក្រើនរំលឹកកងកម្លាំងទាំងអស់ ត្រូវចេះវិភាគរាល់ព្រឹត្តិការណ៍ផ្សេងៗ និងព័ត៌មានដែលបានផ្សព្វផ្សាយ ហើយត្រូវចេះពិចារណាព័ត៌មានណាដែលជាព័ត៌មានពិត និងព័ត៌មានណាដែលប្រឌិតឡើង ដោយក្រុមជ្រុលនិយមក្រៅច្បាប់។
យោងតាមរបាយការណ៍របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុំ អុន អនុប្រធានសេនាធិការ និងជានាយកសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម បានឲ្យដឹងថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមសរុបចំនួន ៣១០នាក់ ក្នុងនោះរួមមាន៖
-វគ្គបណ្តុះបណ្តាលមន្ត្រីនគរបាលយុត្តិធម៌ មានសិក្ខាកាមសរុបចំនួន ១៥០នាក់ (ស្រី០២នាក់) ដែលមកពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នាយកដ្ឋានស៊ើបការណ៍ខាងក្រៅ និងបច្ចេកទេស នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម រួមទាំងអង្គភាពនានាចំណុះ ក្រសួងមហាផ្ទៃ ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋានសរុប ចំនួន ៤៩។
-វគ្គបំប៉នជំនាញបង្ការ និងបង្ក្រាបសកម្មភាពចលាចល មានសិក្ខាកាមសរុបចំនួន ៦០នាក់ (ស្រី០១នាក់) ដែលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាន នគរបាលជាតិសរុបចំនួន ៣២។
-វគ្គបណ្តុះបណ្តាលជំនាញអន្តរាគមន៍ពិសេស មានសិក្ខាកាមសរុបចំនួន ១០០នាក់ (ស្រី០២នាក់) ដែលមកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋាន-អង្គភាពចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ សរុបចំនួន ៣០។
ឯកឧត្តម ឧត្តមសេនីយ៍ អ៊ុំ អុន បានគូសបញ្ជាក់ថា គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលាតម្រូវឲ្យមានការប្រឡងបញ្ចប់វគ្គ និងប្រឡងបញ្ចប់មេរៀននីមួយៗ ទាំងទ្រឹស្តី ការអនុវត្តជាក់ស្ដែងលើទីលាន គ្រូតម្រូវធ្វើតេស្ត ដើម្បីស្ទាបស្ទង់សមត្ថភាពរបស់សិក្ខាកាម និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយបូកជាមួយវិន័យ សីលធម៌ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ ៕