គ្រឿងញៀនជិត៥ពាន់គីឡូ ត្រូវបានដុតបំផ្លាញ់ចោល នៅខេត្តកំពង់ឆ្នាំង
ភ្នំពេញ៖ នៅថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានចូលរួមជាអធិបតីក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «អ្វីៗដើម្បីប្រជាជនជាចម្បង បញ្ឈប់ការរើសអើង និងមាក់ងាយអ្នកញៀនគ្រឿងញៀន ពង្រឹងការអប់រំ» ដែលត្រូវបានរៀបចំឡើងដោយសាលាខេត្តកំពង់ឆ្នាំង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង។
កម្មវិធីនេះ ត្រូវបានធ្វើឡើងរួមជាមួយនឹង ការដុតបំផ្លាញគ្រឿងញៀន និងសារធាតុញៀន សរុបប្រមាណជាង ៤,៧៨០ (បួនពាន់ប្រាំពីរយបែតសិប) គីឡូក្រាម ដែលត្រូវបានរឹបអូសតាមអំណាចសាលក្រមស្ថាពរ លើសំណុំរឿងគ្រឿងញៀនស្ថិតក្រោមសមត្ថកិច្ចនៃសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន ៨៧សំណុំរឿង។ កម្មវិធីនេះ មានការចូលរួមពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វីរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ឯកឧត្តម ស្រ៊ន សំរិទ្ធី អភិបាលរងខេត្ត, ឯកឧត្តម សឿ រុន តំណាងក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គឹម រ័ត្នណារិន ប្រធានសាលាដំបូងខេត្ត, ឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត រួមជាមួយនឹងកងកម្លាំងប្រដាប់អាវុធ, មន្ត្រីរាជការនៃអង្គភាពដែលមានការពាក់ព័ន្ធ ព្រមទាំង សិស្ស និស្សិត ក្រុមយុវជន ស.ស.យ.ក. យុវជនកាយរិទ្ធ និងយុវជនកាកបាទក្រហមផងដែរ ៕