អាជ្ញាធរមីន និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងភូមិអស់មីន នៅខេត្តកោះកុង»
ភ្នំពេញ៖ ក្នុងនាមឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន, ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន Devyani Khobragade និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ស្តីពី «គម្រោងភូមិអស់មីន នៅខេត្តកោះកុង» ទទួលការឧបត្ថម្ភគាំទ្រថវិកាពីរដ្ឋាភិបាល នៃសាធារណរដ្ឋឥណ្ឌា ក្រោមក្របខណ្ឌគម្រោងផ្តល់ផលរហ័ស និងសហការជាមួយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (អាជ្ញាធរមីន)។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា តាមរយៈការគាំទ្រពីរាជរដ្ឋាភិបាលឥណ្ឌា អាជ្ញាធរមីន បានរៀបចំផែនការបោសសម្អាតមីន ក្នុងស្រុកបុទុមសាគរ ស្រុកស្រែអំបិល ស្រុកថ្មបាំង និងស្រុកកោះកុង លើទំហំផ្ទៃដី ១,៩៧២,០៩១ម៉ែត្រក្រឡា ស្មើនឹង ៣៣ចម្ការមីន ដោយត្រូវប្រើប្រាស់ថវិកាសរុប ៤២៦,៧០៩ដុល្លារអាមេរិក។
គម្រោងនេះ នឹងប្រែក្លាយស្រុកទាំង៤ ខាងលើ ជាស្រុកអស់មីន ព្រមទាំងមានប្រជាពលរដ្ឋទទួលផលសរុបចំនួន ២០,៣១៩គ្រួសារ ស្មើនឹង ៨៦,៣៦៧នាក់។
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់បន្ថែមថា ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម គឺជាកិច្ចការអាទិភាពមួយ និងទទួលបានការគាំទ្រនិងយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្រ្តី ក្នុងការចូលរួមលើកកម្ពស់ជីវភាពរស់នៅ និងផ្តល់ស្នាមញញឹមជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលកិច្ចការនេះ ឯកឧត្តមបណ្ឌិត បាននឹងកំពុងបន្តមរតក និងទទួលបេសកកម្មដ៏ធំធេងពី សម្តេចតេជោ ហ៊ុន សែន បិតាសន្តិភាពរបស់ប្រជាជនកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា ខេត្តកោះកុង តាមរយៈការងារបោសសម្អាតមីននេះ នឹងជំរុញឲ្យមានការវិនិយោគកាន់តែច្រើនបន្ថែមទៀត តាមរយៈការទទួលបាន និងការប្រើប្រាស់ដីប្រកបដោយសុវត្ថិភាព ក៏ដូចជាផ្តល់សុវត្ថិភាព ដល់ភ្ញៀវទេសចរដែលទស្សនា និងកំសាន្តក្នុងតំបន់ធម្មជាតិខេត្តកោះកុង ហើយប្រជាពលរដ្ឋនឹងទទួលជីវភាពរស់នៅ កាន់តែប្រសើរឡើងផងដែរ។
ក្នុងនាមរាជរដ្ឋាភិបាល លោកបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលឥណ្ឌា ដែលបានចូលរួមដល់ការងារបោសសម្អាតមីនមនុស្សធម៌ និងធ្វើឲ្យប្រសើរឡើង ដល់ជនមានពិការភាពដោយសារមីននៅកម្ពុជា ក្នុងនោះប្រទេសឥណ្ឌា ធ្លាប់បានផ្តល់ថវិកាជួយបោសសម្អាតមីននៅស្រុកបុទុមសាគរ ខេត្តកោះកុង និងផ្តល់នូវអវៈយវៈជូនដល់ជនមានពិការភាពដោយសារមីន និងគ្រាប់នៅខេត្តបន្ទាយមានជ័យ ចំនួន ៥៥០នាក់ ៕