អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនក្មេងទំនើង៣នាក់ទៅសាលាដំបូង អនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យ សង្ស័យ ទាំង៣នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី ដោយមិនទុកឲ្យពួកគេបង្កព្យុះភ្លើងតាមទំនើងចិត្តនោះឡើយ ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា យោងតាមពក្យ បណ្តឹងឈ្មោះ យាន ស៊ីណាត ភេទប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយ ប៉ែត ខេត្តបន្ទាយមានជ័យ ។ នៅវេលាម៉ោង៨និង១៥នាទីយប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ លោកបានដឹកនាំកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ករណីហិង្សាដោយចេតនា និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅចំណុចមុខកាស៊ីណូផារ៉ាម៉ិក ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងទៀតថាជនសង្ស័យទាំង៣នាក់ ១-ឈ្មោះ សាត ពិសាល ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត, ២,ឈ្មោះ ទូច ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត, ៣,ឈ្មោះ វុធ សាវីន ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
វត្ថុតាងចាប់យករួមមាន៖ ១.កាំបិតកែច្នៃប្រវែង ៦០សង់ទីម៉ែត្រ ចំនួន០១ដើម, ២.ម៉ូតូ២គ្រឿង។
លោក វរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ ជនរងគ្រោះមានមុខរបរជាអ្នកដឹកជញ្ជូនម្ហូបឱ្យគេ នៅថ្ងៃកើតហេតុជនរងគ្រោះជាមួយនឹងមិត្តភ័ក្រ២នាក់ទៀត ជាអ្នកដឹកជញ្ជូនម្ហូបដូចគ្នាដែរ បន្ទាប់ពីដឹកម្ហូបឱ្យគេនៅម្តុំផ្សារអគ្គរួច ពួកគេទាំងបីនាក់បានត្រឡប់មកវិញ ដល់មុខកាស៊ីណូផារ៉ាម៉ិក ស្រាប់តែក្រុមក្មេងទំនើងមួយក្រុម មានគ្នាប្រហែល១២នាក់ បានជិះម៉ូតូទាញកាំបិត បម្រុងដេញកាប់ពួកខ្លួន ដោយមានការភ័យខ្លាចជនរងគ្រោះទាំង០៣នាក់ ក៏បាននាំគ្នាចតម៉ូតូទុកចោល ហើយនាំគ្នារត់គេចតែម្ដង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថាក្រោយឃាត់ខ្លួន និងសួរចម្លើយ ជនសង្ស័យ បានសារ ភាពថា ក្រុមពួកខ្លួនពិតជាបានធ្វើសកម្មភាពដេញកាប់ ជនរងគ្រោះពិតប្រាកដមែន៕