នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត អំពាវនាវឱ្យពលរដ្ឋខ្មែរក្នុង និងក្រៅប្រទេស បញ្ឈប់វប្បធម៌វាយប្រហារគ្នា ដោយសារតែគំនិតមិនស្របគ្នា
ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវឱ្យបងប្អូនពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បញ្ឈប់វប្បធម៌វាយប្រហារគ្នា ដោយសារតែគ្រាន់តែថា ខ្វែងគំនិតមិនស្របគ្នា នាំឱ្យចាប់ផ្តើម ធ្វើហិង្សា ឬមួយធ្វើទង្វើខុសច្បាប់ ។
ក្នុងឱកាសបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣នេះឯកឧត្តមនាយករដ្ឋមន្រ្តី បញ្ជាក់ថា «សូមគោរពគ្នាផង ភាគច្រើនសុទ្ធតែស្គាល់គ្នា នៅក្បែរគ្នាមានមួយមកស្តាប់ មួយមកធ្វើបាតុកម្ម សិទ្ធិរៀងៗខ្លួន ទៅវិញចាប់ដៃគ្នាធម្មតាទៅ យើងបង្កើតវប្បធម៌ហ្នឹងទៅ កុំបង្កើតវប្បធម៌គ្រាន់តែថា ខ្វែងគំនិតមិនស្របគ្នា នាំឱ្យចាប់ផ្តើម ធ្វើហិង្សា ឬមួយធ្វើទង្វើខុសច្បាប់» ៕