រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ដល់នូវអនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទចំនួន០៧ចំណុចសំខាន់ៗ
ភ្នំពេញ៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃសុក្រ ០១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៅទីស្ដីការក្រសួង។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម គី សុផល ទីប្រឹក្សាក្រសួង និងជាប្រធានយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី ស្តីពីរបាយការណ៍វឌ្ឍនភាពការងារដែលបានអនុវត្តក្នុងឆមាសទី១ នៃឆ្នាំ២០២៣ ពាក់ព័ន្ធទៅនឹងការងារការជំរុញមុខរបរ ការលើកកម្ពស់សេដ្ឋកិច្ច និងការងារឥណទាននៅជនបទ។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនាយកដ្ឋាន ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធីនយោបាយរបស់ក្រសួងអភិវឌ្ឍន៍ជនបទ សម្រេចបានសមិទ្ធផលយ៉ាងច្រើននាពេលកន្លងមក។
ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រោមឱវាទនាយកដ្ឋានដូចខាងក្រោម៖
១. សូមឱ្យមន្ត្រីជំនាញបន្តខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឱ្យបានជោគជ័យបន្ថែមទៀតសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់។
២. មន្រ្ដីរាជការគ្រប់រូបត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋឱ្យអស់ពីចិត្ត។
៣. ថ្នាក់ដឹកនាំនាយកដ្ឋានត្រូវយកចិត្តទុកដាក់ និងលើកទឹកចិត្តដល់មន្ដ្រី អនុវត្តគោលការណ៍សមូហភាពដឹកនាំ ដើម្បីរក្សាសាមគ្គីភាព និងប្រសិទ្ធិភាពការងារ។
៤. នាយកដ្ឋានគួរមានការសិក្សាស្វែងយល់អំពីបញ្ហាប្រឈមនៃការផ្ដល់ឥណទានជូនដល់ប្រជាពលរដ្ឋជនបទ។
៥. ដើម្បីជំរុញការងារអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ ក្រសួងត្រូវបង្កើនការបណ្ដុះបណ្ដាលជំនាញ ការអប់រំ ផ្លាស់ប្ដូរឥរិយាបថ និងផ្នត់គំនិតរបស់ប្រជាជនជនបទ។
៦. ក្រសួងត្រូវរៀបចំយុទ្ធសាស្ដ្រក្នុងការលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានានិរន្ដរភាពសេដ្ឋកិច្ចនៅជនបទ។
៧. ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ជាពិសេសចំពោះមន្រ្ដីដែលជាស្ដ្រីមានផ្ទៃពោះ និងមន្ត្រីរាជការមានជម្ងឺ។
ពិធីសំណេះសំណាលនេះ បានបញ្ចប់ក្រោមបរិយាកាស រីករាយ និងភាពស្និទ្ធស្នាលបំផុត ៕