ឯកឧត្តម ថោ ជេដ្ឋា ជួបសំណេះសំណាល និងថ្លែងអំណរគុណសមាជិក សមាជិកាគណបក្សស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជន
ភ្នំពេញ៖ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី និងជាប្រធានក្រុមការងារគណបក្សចុះជួយស្រុកពេជ្រាដា នារសៀលថ្ងៃសៅរ៍ ២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកាបក្ស និងប្រជាពលរដ្ឋដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជារហូតទទួលបានសំឡេងឆ្នោតគាំទ្រប្រមាណ ៨៣ភាគរយ នៅទូទាំងស្រុកពេជ្រាដា។
ឆ្លៀតក្នុងវេលាដ៏មមាញឹកក្នុងមុខតំណែងថ្មីជារដ្ឋមន្រ្តី ឯកឧត្តម ថោ ជេដ្ឋា បានថ្លែងអំណរព្រះរាជគុណដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដែលបានត្រាស់បង្គាប់តែងតាំងលោកជារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
ថ្លែងក្នុងជំនួបសំណេះសំណាលពោរពេញដោយភាពស្និទ្ធស្នាលនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តាំផ្ញើនូវការនឹករលឹកនិងសម្តែងនូវការដឹងគុណដល់ ប្រមុខថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ដែលសម្តេចតែងតែគិតគូរពីសុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិឱ្យមានការរីកចម្រើនរុងរឿង។
ឯកឧត្តមក៏បានសម្តែងនូវការកោតសរសើរ និងដឹងគុណចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងបានលើកឡើងពីគុណសម្បត្តិរបស់ថ្នាក់ដឹកនាំកំពូលនៃរាជរដ្ឋាភិបាលថ្មីថាជាវរជនមួយរូបមានសក្តានុពល និងពោរពេញទៅដោយភាពប៉ិនប្រសប់ ដែលអាចដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព សុខដុមនីយកម្ម និងការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ៕