អភិបាលខេត្តពោធិ៍ ចុះសួរសុខទុក្ខជនរងគ្រោះ ក្នុងឧប្បត្តិហេតុក្រឡាប់រថយន្តដឹកអ្នកដំណើរ និងបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត
ភ្នំពេញ៖ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ អមដំណើរដោយលោកអភិបាលរងខេត្ត និងមន្ត្រីសាលាខេត្តមួយចំនួនទៀត នាល្ងាចថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញចុះសួរសុខទុក្ខជនរងគ្រោះ ក្នុងឧប្បត្តិហេតុក្រឡាប់រថយន្តដឹកអ្នកដំណើរ និងបន្តចុះសួរសុខទុក្ខអ្នកជំងឺ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ខូយ រីដា អភិបាលខេត្ត បានចូលរួមសោកស្ដាយ ចំពោះគ្រោះថ្នាក់ដែលកើតមានឡើងនៅចំណុចផ្លូវកោង ស្របពេលដែលល្បឿនកំពុងតែលឿននោះ ជូនចំពោះជនរងគ្រោះ ក៏ដូចជាក្រុមគ្រួសារ។ ឯកឧត្តមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់អ្នកបើកបរគ្រប់រូបត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងណែនាំដល់បុគ្គលិក នៃមន្ទីរពេទ្យបង្អែកខេត្ត សូមបន្តយកចិត្តទុកដាក់ថែទាំ និងព្យាបាលរបួស ដល់ជនរងគ្រោះដែលធ្វើការវះកាត់ និងជួយសង្គ្រោះបានជោគជ័យ ធ្វើយ៉ាងណាឱ្យពួកគេមានសភាពធូរស្រាល និងឆាប់បានជាសាស្បើយ បានត្រឡប់ទៅលំនៅដ្ឋានវិញឆាប់ៗ។
ឯកឧត្តមអភិបាលខេត្ត បាននាំយកនូវថវិកាមួយចំនួន ដើម្បីឧបត្ថម្ភជូនដល់ក្រុមគ្រួសារជនរងគ្រោះ រងរបួសធ្ងន់ ក្នុងឧប្បត្តិហេតុនោះ ដែលកំពុងសម្រាកព្យាបាល ជាក់ស្តែងចំនួន២នាក់ ព្រមទាំងបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាមួយចំនួន ចែកជូនដល់អ្នកជំងឺទូទៅ ដែលកំពុងសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យបង្អែកខេត្ត ចំនួន៤៤នាក់ផងដែរ។
សូមរំលឹកផងដែរថា កាលពីវេលាម៉ោង០៤ និង៣០នាទីល្ងាច ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញ នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៥០-១៥១ ត្រង់ចំណុចផ្លូវកោង ស្ថិតក្នុងភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងទៅលើ រថយន្តដឹកអ្នកដំណើរមួយគ្រឿង បើកបរក្នុងល្បឿនលឿន ក្នុងពេលមេឃកំពុងភ្លៀង លុះមកដល់ចំណុចផ្លូវកោង ក៏រអិលក្រឡាប់ទៅបុកនឹងបង្គោលភ្លើង បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរងរបួសធ្ងន់ស្រាលមនុស្សចំនួន៧នាក់។ ក្រោយពេលកើតហេតុ គេឃើញមានវត្តមានរបស់លោកអភិបាលខេត្ត ខូយ រីដា បានដឹកនាំកម្លាំងអន្តរាគមន៍ ជួយសង្គ្រោះភ្លាមៗ ដោយអ្នករងរបួសស្រាល ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ ដោយឡែកអ្នករបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។ ចំពោះអ្នកបើកបរត្រូវបានរត់គេចខ្លួនបាត់ស្រម៉ោល។
ជនរងគ្រោះ ដែលស្លាប់ និងរងរបួសធ្ងន់ស្រាលនោះរួមមាន៖
ទី១. ឈ្មោះ លីវ ឆេងអ៊ួ ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិតារាងបាល់ ឃុំកំពង់ស្វាយ ស្រុកសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់) ទី២. ឈ្មោះ ខៀវ ផល្លី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (រងរបួសធ្ងន់) ទី៣. ឈ្មោះ ទី វីណា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅសង្កាត់អូរឫស្សី៣ ខ័ណ្ឌ៧មករា រាជធានីភ្នំពេញ (រងរបួសធ្ងន់) ទី៤. ឈ្មោះ គឹម ផាត់ ភេទស្រី អាយុ២៨ឆ្នាំ រស់នៅភូមិជ្រៃកោង ឃុំស្លាកែត ក្រុងបាត់ដំបង (រងរបួសធ្ងន់) ទី៥. ឈ្មោះ នឿន ស្រីណាក់ ភេទស្រី រស់នៅភូមិឈ្នួលកោង (រងរបួសធ្ងន់) ទី៦. ឈ្មោះ អ៊ុល វាសនា ភេទប្រុស អាយុ៤០ឆ្នាំ (ស្លាប់) ពេលបញ្ចូនដល់មន្ទីរពេទ្យ ទី៧. ឈ្មោះ សាវន ឆវ័ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិម៉ក់ហឺន ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល) ទី៨. ឈ្មោះ យាត សំអាត ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិអូរចារ ឃុំអូរចារ ក្រុងបាត់ដំបង (រងរបួសស្រាល) ៕