រដ្ឋមន្ត្រី ជា សុមេធី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងអង្គភាព
ភ្នំពេញ៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីតួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានសេវាសង្គមកិច្ច និងអង្គភាពនៅទីស្តីការក្រសួង។
អគ្គនាយកដ្ឋានសេវាសង្គមកិច្ច មានតួនាទីនិងភារកិច្ចផ្តល់សេវាសង្គមកិច្ចទូទៅក្នុង គោលបំណងគាំពារគុណភាពជីវិត សេចក្តីថ្លៃថ្នូរ ការធ្វើឱ្យប្រសើរឡើងនៃស្ថានភាពរស់នៅ បង្ការទប់ស្កាត់បញ្ហាប្រឈមនានារបស់ជនរងគ្រោះ ជនងាយរងគ្រោះតាមរយៈសកម្មភាព និងអន្តរាគមន៍កម្រិតបុគ្គល គ្រួសារ សហគមន៍ សេដ្ឋកិច្ច សង្គមនិងនយោបាយ។
អគ្គនាយកដ្ឋានមាននាយកដ្ឋានចំនួន៤ រួមមាន៖
១.នាយកដ្ឋានមនុស្សចាស់និងអតីតយុទ្ធជន (មានមណ្ឌលមនុស្សចាស់ ស្ថិតក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ)
២.នាយកដ្ឋានកិច្ចការពារកុមារ
៣.នាយកដ្ឋានកិច្ចការគ្រួសារ
៤. នាយកដ្ឋានគាំពារជនរងគ្រោះ (គ្រប់គ្រងបុរីទារកនិងកុមារជាតិ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ មណ្ឌលថែទាំ និងព្យាបាលជនវិបល្លាសស្មារតី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង និងមណ្ឌលសំចតសង្គមកិច្ច ស្ថិតក្នុងក្រុងប៉ោយប៉ែត)។
អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានតួនាទីរៀបចំទិវាមនុស្សចាស់ និងរៀបចំទិវាអតីតយុទ្ធជនកម្ពុជា ទិវានារីអន្តរជាតិ ៨មីនា និងទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ឧសភា។
អគ្គនាយកដ្ឋានសេវាសង្គមកិច្ចមានមន្ត្រីរាជការក្រោមឱវាទសរុបចំនួន ១៥៥នាក់ និងបុគ្គលិកកិច្ចសន្យាសរុបចំនួន ៨៤នាក់ ៕