ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដឹកនាំប្រជុំលើកទី៣ ដាក់ផែនការទៅស្នងការរង នាយការិយាល័យជំនាញ និងអធិការនគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងគ្រប់គ្រង និងបញ្ជាដឹកនាំកម្លាំងឱ្យមានប្រសិទ្ធភាព
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំប្រជុំលើកទី៣ដាក់ផែនការជូនលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវពង្រឹងគ្រប់គ្រង និងបញ្ជាដឹកនាំកម្លាំងក្រោមឱវាទរបស់ខ្លួន បំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នាំមកសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយជំរុញអនុវត្តដឹកនាំការងារជាប្រចាំ កុំអនុវត្តការងាររបៀបភ្លើងចំបើង ដើម្បីផ្តល់ជំនឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៧ ដែលបានប្តេជ្ញានឹងខិតខំដោះស្រាយរាល់ទុក្ខកង្វល់របស់ប្រជាពលរដ្ឋ។ នៅបន្ទាប់ពីឯកឧត្តមស្នងការ បានចូលមកកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏ទើបបានដឹកនាំប្រជុំជាមួយមន្រ្តីនគរបាលជំនាញព្រហ្មទណ្ឌ និងជំនាញសណ្តាប់ធ្នាប់ចារចរណ៍ ត្រូវពង្រឹងខិតខំស្រាវជ្រាវបង្ការ ទប់ស្កាត់បទល្មើសលួចឆក់ប្លន់និងក្មេងទំនើង ដែលជាបទល្មើសបង្កឱ្យប៉ះពាល់អសន្តិសុខសង្គមធ្ងន់ធ្ងរ និងណែនាំឱ្យកម្លាំងនគរបាលចរាចរណ៍ប្តូរឥរិយាបថ ទន់ភ្លន់ រាបសារ ហាមធ្វើអំពើហិង្សារទៅលើប្រជាពលរដ្ឋ និងត្រូវលប់បំបាត់ការលួចពួនស្ទាក់ចាប់ប្រជាពលរដ្ឋធ្វើដំណើរនៅលើដងផ្លូវ នៅពេលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ពីព្រោះបញ្ហានេះ បានបង្កជះឥទ្ធិពលអាក្រក់ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់នគរបាលជាតិ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ និងលោកអធិការនគរបាលខណ្ឌទាំង១៤ ត្រូវបំពេញភារកិច្ចទៅតាមឋានានុក្រម ក្នុងនោះត្រូវរៀបចំផែនការ និងគោលការណ៍ដឹកនាំឱ្យច្បាស់លាស់ បែងចែកការងារមន្រ្តីក្រោមវាទ ធ្វើការងារទៅតាមជំនាញនិងពង្រឹងសមត្ថភាពជំនាញដល់មន្រ្តី។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានណែនាំលោកអធិការនគរបាលខណ្ឌទាំង១៤ ពង្រឹងរៀបចំកម្លាំងការពារគោលដៅងាយរងគ្រោះ ដូចជាតំបន់ទេសចរណ៍របស់ភ្ញៀវអន្តរជាតិ កន្លែងកម្សាន្តសប្បាយ ទីប្រជុំប្រជន និងស្ថាប័នជាតិជាដើម។ ជាមួយគ្នាក៏បានហាមឃាត់មិនឱ្យមានការសម្របសម្រួលក្រៅផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសបង្កប៉ះពាល់អសន្តិសុខសង្គម ៕