កិច្ចប្រជុំថ្នាក់ដឹកនាំលើគម្រោង Elsie រវាង អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ភ្នំពេញ៖ កិច្ចប្រជុំថ្នាក់ដឹកនាំលើគម្រោង Elsie រវាងឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងឯកឧត្តម Joseph schuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី បណ្ឌិត Emma Leslie ប្រធានមជ្ឈមណ្ឌលសិក្សាសន្តិភាព និងជម្លោះ រួមទាំងតំណាងនៃ UNWomen ដើម្បីត្រួតពិនិត្យពីវឌ្ឈនភាពការងារ នៃគម្រោងឆ្ពោះទៅរកភាពជោគជ័យ។
កម្ពុជា បានទទួលគម្រោងនេះកាលពីខែមេសា ឆ្នាំ២០២២ ដែលបាននឹងកំពុងអនុវត្ត និងគ្រោងបិទបញ្ចប់នូវដើមឆ្នាំ២០២៤ ដោយការអនុវត្តគម្រោងនេះ ដើម្បីផ្តល់នូវអត្ថប្រយោជន៍ដល់ការចូលរួមពីសំណាក់យោធិននារី នៃកងយោធពលខេមរភូមិន្ទ សម្រាប់បេសកកម្មរក្សាសន្តិភាព។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានមានប្រសាសន៍ឱ្យដឹងថា កម្លាំងនៃកងយោធពលខេមរភូមិន្ទចំនួន ៩០៣នាក់ ក្នុងនោះមាននារី ១៤៧នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី អាហ្រ្វិកកណ្តាល និងសាធារណរដ្ឋកុងហ្គោ។ យោធិននារី តែងតែត្រូវបានលើកទឹកចិត្តឱ្យដើរតួនាទីសំខាន់ចាប់ពីនាយរងផ្នែករហូតដល់មេបញ្ជាការកង។
ក្រោយពីបានឃើញនូវការចូលរួមរបស់យោធិននារីយ៉ាងសកកម្មក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ឯកឧត្តម Joseph schuer បានកោតសរសើរយ៉ាងខ្លាំងចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំក្នុងការលើកកម្ពស់ និងយកចិត្តទុកដាក់ ចំពោះយោធិននារី។ ទន្ទឹមនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្ញើចសរសើរចំពោះភាពក្លាហាន និងមោះមុខ របស់កងកម្លាំងមួកខៀវនារីកម្ពុជា ក្នុងការបំពេញបេសកកម្ម និងបង្កើតនូវសមិទ្ធិផលជាច្រើន។ ឯកឧត្តម Joseph schuer ក៏នឹងបន្តគាំទ្រដល់គម្រោងបន្តបន្ទាប់ទៀតជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពផងដែរ។
ជាចុងក្រោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានថ្លែងអំណរគុណដល់ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលតែងយកចិត្តទុកដាក់ និងជួយជ្រោមជ្រែងដល់ការបញ្ជូនកម្លាំងមួកខៀវកម្ពុជា។ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំដល់ អ.ស.ប. ក្នុងការផ្តល់វគ្គហ្វឹកហ្វឺននារីបន្ថែមទៀត ៕