រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ទទួលជួបគណៈប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ដើម្បីកែលម្អសេវាសាធារណៈ និងការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានទទួលជួបគណៈប្រតិភូស្ថានទូតអូស្ត្រាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ ឯកឧត្តម ឯកអគ្គរាជទូត Justin Whyatt នៅទីស្តីការក្រសួង។ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទជាច្រើន រួមទាំងយុទ្ធសាស្ត្របញ្ចកោណ កំណែទម្រង់សំខាន់ៗ កិច្ចសហប្រតិបត្តិការដើម្បីកែលម្អសេវាសាធារណៈ ដូចជាសេវាមន្ទីរពិសោធន៍ ការផ្គត់ផ្គង់ទឹក និងការគាំទ្រសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។
ឯកឧត្តមរដ្ឋមន្ត្រីបានអរគុណឯកឧត្តម Justin Whyatt ចំពោះការគាំទ្រ និងឆន្ទៈក្នុងការសហការជាមួយក្រសួង ជាពិសេសតាមរយៈគម្រោង CAPRED ដែលផ្តោតលើការជំរុញកំណើនសេដ្ឋកិច្ច និងកសាងភាពធន់សម្រាប់វិស័យសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម និងវិស័យបច្ចេកវិទ្យារបស់កម្ពុជា ៕