ភ្ញៀវទេសចរ និងអ្នកប្រកបរបរដឹកភ្ញៀវ ដែលចតយានជំនិះឱ្យមានរបៀបរៀបរយ ជាការចូលរួមលើកកម្ពស់សោភ័ណភាពនៅក្នុងតំបន់បេតិកភណ្ឌ
ភ្នំពេញ៖ ភ្ញៀវទេសចរជាតិ និងអ្នកប្រកបរបរដឹកភ្ញៀវទេសចរ ដែលបានយកយានយន្តរបស់ខ្លួនចូលទៅចតនៅក្នុងទីចំណតដែលបានរៀបចំ និងជួយសម្រួលដល់សណ្តាប់ធ្នាប់សាធារណៈក្នុងតំបន់រមណីយដ្ឋានអង្គរ ជាពិសេស បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ដោយយថាហេតុនៅលើដងផ្លូវ។
បើតាមលោកស្រី ចាន់ ឧត្តមបញ្ញា ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ កិច្ចការងារស្នូលរបស់ក្រុមការងារសណ្តាប់ធ្នាប់ តែងតែរៀបចំការចតយានយន្ត រ៉ឺម៉ក ម៉ូតូឱ្យចូលចតនៅក្នុងចំណត និងរៀបចំការលក់ដូរនៅក្បែរៗនោះជាដើម។ ចំពោះមុខ ក្រុមការងារនៅតែប្រឈមបញ្ហាខ្លះៗ ដោយសារអ្នកបើកបរដឹកភ្ញៀវទេសចរមួយចំនួនមិនសូវចូលរួមសហការ ក្រោយពេលដាក់ភ្ញៀវឱ្យចូលទស្សនាប្រាសាទហើយ ពួកគាត់មិនបានយកយានជំនិះចូលមកចតនៅក្នុងចំណតដែលបានរៀបចំឡើយ។ ដោយអ្នកបើកបរមួយចំនួន បែរជាទៅចតនៅតាមដងផ្លូវសាធារណៈ។ ចំណែកខ្លះទៀត ពេលឃើញភ្ញៀវចេញពីទស្សនាប្រាសាទ មិនបានឱ្យភ្ញៀវដើរមកកាន់ចំណតដើម្បីបន្តដំណើរទៅមុខ តែបែរជាបើកយានជំនិះទៅទទួលភ្ញៀវដល់បរិវេណខាងមុខប្រាសាទ។ ដែលនេះជាហេតុ ធ្វើឱ្យបាត់បង់សោភ័ណភាពតាមដងផ្លូវ អាចបង្កគ្រោះថ្នាក់ដោយយថាហេតុ និងកកស្ទះ ធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវដទៃដែលធ្វើចរាចរណ៍លើដងផ្លូវ។ បើទោះបីជាកន្លងមក ធ្លាប់មានការណែនាំជាច្រើនលើកច្រើនសារក៏ដោយ បញ្ហានេះ នៅតែកើតឡើងស្ទើរតែជារៀងរាល់ថ្ងៃ។
ប្រធានក្រុមរួមផ្នែកសណ្តាប់ធ្នាប់គ្រប់គ្រងគោលដៅក្រុងអង្គរធំ បានបញ្ជាក់ថា គ្រប់ទីតាំងប្រាសាទនីមួយៗក្នុងរមណីយដ្ឋានអង្គរ តែងតែមានចំណតសម្រាប់ភ្ញៀវទេសចរ ឬអ្នកដឹកភ្ញៀវចូលចតនៅទីនោះ ដោយមិនតម្រូវឱ្យបង់ថវិកាឡើយ។ ជាក់ស្តែង បរិវេណក្រុងអង្គរធំ មានទីតាំងចំណតចំនួន៣កន្លែងរួមមាន៖ នៅខាងកើតប្រាសាទបាយ័ន និងខាងលិចនៃប្រាសាទ និងចំណតមួយទៀតនៅក្បែរប្រាសាទព្រះវិធូរ ជាចំណតធំទូលាយ អាចដាក់យានយន្តបានច្រើនជាងគេ។
ក្នុងន័យនេះ អាជ្ញាធរជាតិអប្សរាអំពាវនាវដល់សាធារណជនទូទៅ សូមចូលរួមតាមអ្វីដែលក្រុមការងារ ឬភ្នាក់ងារប្រចាំការតាមប្រាសាទបានណែនាំឬកំណត់ឱ្យចូលចតយានជំនិះនៅតាមចំណត ជៀសវាងការចតតាមដងផ្លូវដែលប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ៕