នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការប្រចាំ ខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ នៃនាយកដ្ឋានច្រកទ្វារទី២
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ឯកឧត្តម ឧត្តមសេនីយ៍ឯក គឿន សុភក្ត្រា និងលោកជំទាវឧត្តមសេនីយ៍ទោ សែន ពិសិដ្ឋដានីតា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក សារិន សារីណូ ប្រធាននាយកដ្ឋានច្រកទ្វារទី២ នាព្រឹកថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំកិច្ចសហប្រតិបត្តិការប្រចាំ ខែសីហា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ នៃនាយកដ្ឋានច្រកទ្វារទី២ នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីអនុប្រធាននាយកដ្ឋាន លោកនាយ-នាយរងការិយាល័យ លោកនាយ-នាយរងប៉ុស្តិ៍ និងនាយផ្នែកមួយចំនួន។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានមានប្រសាសន៍ស្វាគមន៍ និងបើកកិច្ចប្រជុំព្រមទាំងបានលើកឡើងនូវរបៀបវារៈនៃអង្គប្រជុំ និងបានអនុញ្ញាតអោយលោកវរសេនីយ៍ឯក ស្រ៊ី ម៉េងស្រ៊ាន់ ឡើងអានប្រកាសថ្នាក់អនុប្រធាននាយកដ្ឋានទើបផ្ទេរមកថ្មីចំនួន ០៣រូប។
ក្រោយពីប្រកាសរួចប្រធានអង្គប្រជុំបានអនុញ្ញាតឱ្យប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិស្ទឹងហាវ បានធ្វើសេចក្តីរាយការណ៍អំពីសភាពការណ៍ទូទៅ ការអនុវត្តការងារជំនាញផ្សេងៗ បញ្ហាប្រឈម និងសំណូមពរ ជូនអង្គប្រជុំជ្រាប។
ជាមួយគ្នានោះលោកឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន បានណែនាំឲ្យគ្រប់បណ្ដាប៉ុស្តិ៍ទាំងអស់យកចិត្តទុកដាក់រាល់ការងារដែលថ្នាក់ដឹកនាំបានប្រគល់ជូនព្រមទាំងណែនាំអោយស្វែងយល់ពីប្រព័ន្ធបច្ចេកវិទ្យាអោយបាន ដើម្បីធ្វើយាងណាឆ្លើយតបឱ្យទាន់តម្រូវការរបស់រាជរដ្ឋាភិបាល។
ជាកិច្ចបន្ត លោកជំទាវឧត្តមសេនីយ៍ទោ អគ្គនាយករង បានណែនាំឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលសម្រាប់មន្ត្រីថ្មីដោយយកមេរៀនស្របតាមសៀវភៅគោលជំនាញច្រកទ្វារដែលអគ្គនាយកដ្ឋានទើបរៀបរាងរួច។
ឯកឧត្តម នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ អគ្គនាយករង បានថ្លែងអរគុណដល់មតិចូលរួមរបស់ ឯកឧត្តម ប្រធាននាយកដ្ឋាន ព្រមទាំងដោះស្រាយរាល់បញ្ហាប្រឈមដែលអង្គប្រជុំបានលើកឡើង ៕