បង្ក្រាបឧក្រិដ្ឋជនជនជាតិចិន ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន បញ្ជូលទៅតុលាការ
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបឧក្រិដ្ឋជនជនជាតិចិន ក្នុងករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ការបង្ក្រាបនេះបានធ្វើឡើងដោយអនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ។
កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង ១០ នាទី សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១០) ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ សារីបុត្រ សត្យា នាយករងមន្ទីរ, លោក និងលោកវរសេនីយ៍ឯក តឹក សូនី នាយការិយាល័យ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដោយមានការសម្របសម្រួលពី លោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ បានស្រាវជ្រាវ និងបង្ក្រាបគោលដៅទី១ ចំណុចផ្លូវល្បឿនលឿន K27 +(+100) ភូមិរំលោង ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ, គោលដៅទី២ ចំណុចផ្លូវ១១៥ ភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ និងបង្ក្រាបជាក់ស្ដែងដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់(ស្រី០១) និងវត្ថុតាងមួយចំនួន។
លទ្ធផល៖
ក.ឃាត់ខ្លួនជនសង្ស័យ ០៤នាក់ :
-ឈ្មោះ KUANG ZUXIAN ភេទស្រី ជនជាតិចិន ឆ្នាំកំណើត១៩៩៧។
-ឈ្មោះ សឿន សៅរិ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត១៩៩០។
-ឈ្មោះ YAO XIPING ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩៥។
-ឈ្មោះ LI XU ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត១៩៩១។
ខ.ចាប់យកវត្ថុតាង ៖
-សរុបរួមសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម
-រុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម ។
-អាវុធខ្លីចំនួន ១ដើម
បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕