ឯកឧត្តម សួន រស្មី អញ្ជើញបេីកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ និងអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ចស្តីពី វិធីសាស្ត្រនៃការធ្វេីអធិការកិច្ចលេីការគ្រប់គ្រងមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា
ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីបេីកវគ្គបណ្តុះបណ្តាលផ្សព្វផ្សាយ និងអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ចស្តីពី វិធីសាស្ត្រនៃការធ្វេីអធិការកិច្ចលេីការគ្រប់គ្រងមន្ត្រីរាជការនិងមន្ត្រីជាប់កិច្ចសន្យា និងបូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៣ និងលេីកទិសដៅការងារបន្ត របស់អគ្គាធិការដ្ឋាន។
វគ្គបណ្តុះបណ្តាល មានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈប្រមាណ ៦៥រូប។
ក្នុងពិធីនេះ លោក ហ៊ឹម ថុងលីម ប្រធាននាយកដ្ឋានអធិការកិច្ចក្រសួង ស្ថាប័នថ្នាក់ជាតិ បានឡេីងធ្វេីបទបង្ហាញស្តីពីវិធីសាស្ត្រនៃការធ្វេីអធិការកិច្ចលេីការគ្រប់គ្រងមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងមានកិច្ចពិភាក្សា សំណួរ-ចម្លេីយ ទាក់ទងនឹងប្រធានបទដេីម្បីប្រមូលធាតុចូលបន្ថែម និងបានយល់ដឹងកាន់តែស៊ីជម្រៅ។
ជាកិច្ចបន្ត លោក ម៉ុត សារៈ បានឡេីងអានរបាយការណ៍បូកសរុបវឌ្ឍនភាពការងារប្រចាំខែសីហា ឆ្នាំ២០២៣ និងលេីកទិសដៅការងារបន្តរបស់អគ្គាធិការដ្ឋាន។
ក្នុងពិធីនោះ ឯកឧត្តមអគ្គាធិការ បានកោតសរសេីរចំពោះការខិតខំបំពេញការងារនាពេលកន្លងមករបស់ ឯកឧត្តមអគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលបានយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្វែងយល់ ព្រមទាំងស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដេីម្បីមានមូលដ្ឋានក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តនានា តាមតម្រូវការចាំបាច់របស់អគ្គាធិការដ្ឋាន។
ឯកឧត្តមអគ្គាធិការ បានមានប្រសាសន៍បន្ថែមថា ការរៀបចំវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះក្នុងគោលបំណង និងគោលដៅ ពង្រឹង និងអភិវឌ្ឍសមត្ថភាពមន្ត្រីអធិការកិច្ច ដេីម្បីបំពេញភារកិច្ចប្រកបដោយគុណភាពខ្អស់ ឆ្លេីយតបតម្រូវការងារជាក់ស្តែងនាពេលបច្ចុប្បន្ន។
មុននឹងបញ្ចប់ ឯកឧត្តមអគ្គាធិការ មានមតិផ្តាំផ្ញេី និងណែនាំដល់មន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ មានដូចជា៖
ក.សូមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន អនុវត្តការងារឱ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពិសេសតាមបេសកកម្មសំខាន់ៗ ៣ចំណុចក្នុងការដឹកនាំរបស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ គឺ៖
១.អនុវត្តចក្ខុវិស័យនាយករដ្ឋមន្ត្រី ក្នុងការជំរុញកំណែទម្រង់
២.ពង្រឹងរដ្ឋបាលសាធារណៈ
៣.ចូលរួមចំណែកលេីកស្ទួយ ការធ្វេីទំនេីបកម្មស្ថាប័នសាធារណៈ
ខ.សូមចែករំលែកចំណេះដឹង បទពិសោធន៍ដែលមានទៅមន្ត្រីរាជការពាក់ព័ន្ធនៃអគ្គាធិការដ្ឋានដេីម្បីរួមចំណែកបំពេញការងារប្រកបដោយគុណភាពខ្ពស់
គ.សូមមកបំពេញការងារអោយបានទៀងទាត់ និងដោយការហ្មត់ចត់ ព្រមទាំងមានការទទួលខុសត្រូវខ្ពស់ក្នុងការងារ
ឃ.សូមបន្តខិតខំសិក្សារៀនសូត្រ ស្វែងយល់ ដកពិសោធន៍ និងអភិវឌ្ឍសមត្ថភាពបន្ថែម។
ចុងបញ្ចប់ ឯកឧត្តម សួន រស្មី អគ្គាធិការ បានជូនពរ ឯកឧត្តម លោក លោកស្រី សូមមានសុខភាពល្អ កំលាំងមាំមួន ប្រាជ្ញាភ្លឺថ្លា និងបំពេញការងារទទួលជោគជ័យគ្រប់ភារកិច្ច ៕