ប្រជាពលរដ្ឋមានជីវភាពលំបាក ចំនួន ១៦២គ្រួសារ ក្នុងឃុំតាលាស់ស្រុកមោងឬស្សី ទទួលបានអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត នារសៀលថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយ មនុស្សធម៌ ផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះរាំងស្ងួត ដែលមានជីវភាពខ្វះខាត កន្លងមកចំនួន ១៦២គ្រួសារ រស់នៅក្នុងភូមិសាករ ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណសាលាបឋមសិក្សាសារករ ឃុំតាលាស់។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវ អនាម័យល្អ ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ត្រូវខិតខំប្រឹងប្រែងបង្កបង្កើនផល និងប្រកបមុខរបរផ្សេងៗដើម្បីទ្រទ្រង់ជីវភាពគ្រួសារបានល្អប្រសើរឡើង។
ជាមួយគ្នានេះ ឯកឧត្តម ជម្រាបជូនអំពីការប្រែប្រួលអាកាសធាតុ បានបង្កឱ្យតំបន់ខ្លះនៃខេត្តបាត់ដំបង រងគ្រោះមហន្តរាយធម្មជាតិដោយជំនន់ទឹកភ្លៀង ហើយតំបន់ខ្លះទៀតទទួលរងគ្រោះរាំងស្ងួត ដែលបានផ្តល់ផលប៉ះពាល់ដល់ជីវភាពរស់នៅ ការប្រកបមុខរបរ និងការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមបាននាំនូវសារអំពាវនាវរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជម្រាបជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានខ្លឹមសារផ្តោតលើសារៈសំខាន់នៃការថែទាំសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ស្ត្រីមានផ្ទៃពោះ និងការឆ្លងជំងឺគ្រុនឈាម និងជំងឺនានា ការកសាងភាពធន់ក្នុងសហគមន៍ ដើម្បីភូមិឃុំមានសុវត្ថិភាព គ្មានគ្រឿងញៀន គ្មានអំពើចោរកម្ម គ្មានអំពើហិង្សានិងត្រូវគិតគូរពីសុវត្ថិភាពចរាចរណ៍ជាដើម។ល។
អំណោយដែលបានចែកជូនក្នុងគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥៣០គីឡូក្រាម, មី១ កេស, ទឹកបរិសុទ្ធ វិឃែរ ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ និងទឹកស៊ីអ៊ីវ ១យួរ ផងដែរ ៕