ស្រ្តីរងគ្រោះដែលប្តឹងអតីតម្តាយក្មេក និងប្អូនថ្លៃស្រី នៅក្នុងសង្កាត់ប្ញស្សីកែវ ជុំវិញការប្រើអំពើហិង្សាលើខ្លួន ភាគីទាំងពីរបានព្រមព្រៀងគ្នាសម្រេចដកពាក្យបណ្តឹង
ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិយសសូមបំភ្លឺជូនសាធារណៈជនឱ្យបានជ្រាបថា ករណីស្ត្រីម្នាក់ឈ្មោះ ចាន់ រតនា អាយុ២៣ឆ្នាំ ប្រកបមុខរបរនៅផ្ទះ រស់នៅភួមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដែលបានសំណូមពរតាមបណ្តាញសារព័ត៌មាន ស្នើសុំឱ្យ ឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយអន្តរាគមន៍ ពាក់ព័ន្ធនឹងករណី មានស្រ្តី០២ ដែលជាអតីតម្តាយក្មេកឈ្មោះ ញ៉ុង សុភាព អាយុ៥៩ឆ្នាំ និងស្រ្តីជាអតីតប្អូនថ្លៃមានឈ្មោះ ទ្រុយ ចន្រ្ទា អាយុ២៥ឆ្នាំ បានសម្រុកចូលដល់ក្នុងផ្ទះជួលរបស់នាង នឹងព្រួតគ្នាវ៉ៃ យ៉ាងអណាធិបតេយ្យ ក្នុងសង្កាត់ប្ញស្សីកែវ បង្កឱ្យរងរបួសនៅលើផ្ទៃមុខ ខណៈដែលអតីតម្តាយក្មេកនិងប្អូនថ្លៃស្រី បានមកផ្ទះនាងក្នុងបំណងយកកូននាង ទៅនៅជាមួយពួកគេតែនាងជនរងគ្រោះមិនព្រម ក៏មានការវាយប្រតាយប្រតប់គ្នាតែម្តង នៅក្នុងហេតុការណ៍កើតឡើងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ។
ក្រោយពីទទួលព័ត៌មាននេះភ្លាម ឯកឧត្តមស្នងការ ក៏បានដាក់បទបញ្ជាទៅលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីស្រាវជ្រាវជាបន្ទាន់។ បន្ទាប់មកប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ក៏បានចេញលិខិតកោះហៅស្រ្តីជាប្អូនថ្លៃដែលជាជនបង្ក ដើម្បីចូលខ្លួនមកបំភ្លឺជុំវិញករណីហិង្សានេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ នារសៀលថ្ងៃទី០៨ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីស្រ្តីរងគ្រោះបានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ។
នៅពេលដែលមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ កោះហៅភាគីទាំងពីរមកជួបដោះស្រាយទល់មុខគ្នានៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ពួកគាត់ទាំងពីរភាគីមានវត្តមានម្តាយបង្កើតស្រ្តីរងគ្រោះ ស្រ្តីរងគ្រោះ និងវត្តមានអតីតម្តាយក្មេក និងអតីតប្អូនថ្លៃស្រី ខណៈនោះស្រ្តីជាប្អូនថ្លៃហើយជាជនបង្ក ក៏បានសុំទោសទទួលកំហុសដែលបានប្រព្រឹត្តអំពើហិង្សាទៅលើអតីតបងស្រីថ្លៃ បន្ទាប់មកភាគីទាំងពីរបានសម្របសម្រួលព្រមព្រៀងគ្នាលើហេតុផលថាធ្លាប់រស់នៅក្នុងរង្វង់គ្រួសារជាមួយគ្នាកន្លងមក។
ក្នុងនោះក៏មានការ ឯកភាពពីលោកហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំធានាទៅលំនៅដ្ឋានវិញ និងដកពាក្យបណ្តឹងបញ្ចប់រឿងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ៕