នាយករដ្ឋមន្ត្រី៖ ខ្ញុំគ្រោងជួបអាជីវករ និងអ្នករកស៊ីក្រៅប្រព័ន្ធ ដើម្បីដឹងថាគាត់មានកង្វល់អី ខ្ញុំត្រូវជួយអីខ្លះ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រៅពីចុះជួបជាមួយកម្មករ និយោជិតនៅតាមបណ្តារោងចក្រនានា សម្តេចក៏មានគម្រោងចុះជួបជាមួយអាជីវករ និង អ្នករកស៊ីក្រៅប្រព័ន្ធ នៅតាមផ្សារ ដើម្បីស្វែងយល់ពីទុក្ខលំបាក ក៏ដូចជារកដំណោះស្រាយជូនពួកគាត់។
ថ្លែងក្នុងឱកាសចុះជួបកម្មករជិត២ម៉ឺននាក់ នៅខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់បន្តថា «ខ្ញុំត្រូវគ្រោងជួបវិស័យឯកជន ហើយទៅមុខទៀត ខ្ញុំនឹងគ្រោងជួបជាមួយនឹងអាជីវករនៅតាមផ្សារតែម្តង ជួបជាមួយគាត់ស្តាប់គាត់ និងជួបជាមួយបងប្អូនខាងក្រៅប្រព័ន្ធទៀត ដើម្បីដឹងថាគាត់មានកង្វល់អី ខ្ញុំត្រូវជួយអីខ្លះ» ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្ថែមថា «រឿងល្អរបស់កម្ពុជារបស់យើង យើងមិនមែននៅជាមួយគ្នាតែពេលសប្បាយទេ យើងក៏ត្រូវនៅជាមួយគ្នាមែនទែន ពេលដែលយើងលំបាក ។ នេះហើយដែលរាជរដ្ឋាភិបាលគណបក្សប្រជាជន គឺឱ្យតែពេលលំបាកបំផុត គឺមានមុខគណបក្សប្រជាជន ពេលហ្នឹង។ ហេតុនេះហើយទើបប្រជាជនពលរដ្ឋបោះឆ្នោតឱ្យជាង៦លាន២សែននាក់ មិនមែន ដោយចៃដន្យទេ គឺដោយសារពេលការលំបាក ឃើញមុខតែថ្នាក់ដឹកនាំ ជាពិសេសសម្តេចតេជោ និងថ្នាក់ដឹកនាំយើង ជាពិសេសកូវីដកន្លងទៅ។» ៕