ក្រសួងធនធានទឹក បាននិងកំពុងរៀបចំផែនការបន្ទាន់ ដើម្បីដោះទឹកជំនន់ពី រាជធានីភ្នំពេញ
ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ នេះ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងការសហការយ៉ាងជិតស្និទ្ធពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ រួមដំណើរដោយលោកប្រធានមន្ទីរធនធានទឹក និងឧតុនិយម នៅតាមបណ្តាខេត្តជាប់នឹងរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌស្រុក និងឃុំ-សង្កាត់ពាក់ព័ន្ធបានចុះពិនិត្យទីតាំងជាក់ស្តែង ដែលត្រូវដោះទឹកជំនន់ទឹកភ្លៀង ពីរាជធានីភ្នំពេញ ។
ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងរៀបចំផែនការបន្ទាន់ ដើម្បីដោះទឹកជំនន់ពី រាជធានីភ្នំពេញ ក្នុងគោលបំណងធានានូវសុវត្ថិភាពជូនប្រជាពលរដ្ឋ និងស្ថិរភាពសង្គម ។
សូមជម្រាបជូនថា ចំពោះមុខ ក្នុងឆ្នាំ២០២៣នេះ ក្រសួងធនធានទឹក និងឧតុនិយម នឹងធ្វើការបង្វែរទឹកជំនន់ មួយភាគធំ តាមប្រព័ន្ធដោះទឹកនានា ទៅកាន់ទន្លេបាសាក់ ទន្លេមេគង្គ និងតំបន់វាលទំនាប ហើយឆ្នាំ២០២៤ គ្រោងនឹងពង្រឹងការគ្រប់គ្រងទឹកជំនន់ប្រកបដោយប្រសិទ្ធភាពតាមរយៈការធ្វើទំនើបកម្មប្រព័ន្ធដោះទឹក និងបំពាក់ស្ថានីយបូមទឹកខ្នាតធំ
និងបញ្ចប់ការងារធ្វើទំនើបកម្មវិស្វកម្ម និងការរៀបចំឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយលើប្រព័ន្ធដោះទឹកចេញពីរាជធានីភ្នំពេញប្រកបដោយស័ក្តិសិទ្ធិភាព និងប្រសិទ្ធភាពខ្ពស់៕