ឯកឧត្តម សួន រស្មី ដឹកនាំកិច្ចប្រជុំពិភាក្សាកសាងសេចក្តីព្រាងសេចក្តីណែនាំស្តីពីភារកិច្ច សិទ្ធិអំណាច របៀបរបបការងារ និងវិន័យការងាររបស់គណៈប្រតិភូអធិការកិច្ចមុខងារសាធារណៈ
ភ្នំពេញ៖ ឯកឧត្តម សួន រស្មី អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមុខងារសាធារណៈ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ៖
១.ពិភាក្សាលេីការកសាងសេចក្តីព្រាងសេចក្តីណែនាំស្តីពីភារកិច្ច សិទ្ធិអំណាច របៀបរបប និងវិន័យការងាររបស់គណៈប្រតិភូមុខងារសាធារណៈ
២.កិច្ចការផ្សេងៗ។
កិច្ចប្រជុំមានការចូលរួមពី ឯកឧត្តម លោក លោកស្រី អគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ អនុប្រធាននាយកដ្ឋានមួយចំនួន ប្រធានការិយាល័យទាំងអស់ នៃនាយកដ្ឋានចំណុះអគ្គាធិការដ្ឋាន។
អង្គប្រជុំបានពិគ្រោះពិភាក្សាបញ្ចេញមតិយោបល់លេីសេចក្តីព្រាងសេចក្តីណែនាំ និងប្រមូលបានធាតុចូលបន្ថែមក្នុងសេចក្តីព្រាងនេះ ហេីយប្រគល់ឱ្យអង្គភាពជំនាញយកទៅស្រាវជ្រាវបន្ត ឱ្យកាន់តែលម្អិត និងគ្រប់ជ្រុងជ្រោយ ដេីម្បីកំណត់កិច្ចប្រជុំបន្ត។
ក្នុងឱកាសនោះ ឯកឧត្តម សួន រស្មី អគ្គាធិការ បានកោតសរសេីរចំពោះការខិតខំបំពេញការងារនាពេលកន្លងមករបស់ ឯកឧត្តមអគ្គាធិការរង ប្រធាននាយកដ្ឋាន អធិការ និងមន្ត្រីរាជការ នៃអគ្គាធិការដ្ឋាន ដែលបានយកចិត្តទុកដាក់សិក្សារៀនសូត្រ ស្វែងយល់ ព្រមទាំងស្រាវជ្រាវច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមានដេីម្បីមានមូលដ្ឋានក្នុងការកសាងលិខិតបទដ្ឋានគតិយុត្តនានា តាមតម្រូវការចាំបាច់របស់អគ្គាធិការដ្ឋាន។
ចុងបញ្ចប់ ឯកឧត្តមអគ្គាធិការ បានណែនាំ និងសំណូមពរ ដល់មន្ត្រីរាជការទាំងអស់នៃអគ្គាធិការដ្ឋាន សូមបន្តខិតខំអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ សិក្សាស្រាវជ្រាវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមានសម្រាប់អនុវត្តការងារឱ្យមានប្រសិទ្ធភាព ៕