ឯកឧត្តមសន្ដិបណ្ឌិត ម៉ៅ ចន្ទ័តារ៉ា អញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារ៉ា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ, ឯកឧត្តម អគ្គលេខាធិការ-អគ្គលេខាធិការរង ប្រធាន-អនុប្រធានក្រោមចំណុះអគ្គលេខាធិការក្រសួងមហាផ្ទៃ។
នាឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ចន្ទ័តារ៉ា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា អគ្គលេខាធិការដ្ឋាន មានកិច្ចការងារជាច្រើនសម្រាប់ឱ្យនិរន្ដរភាពការងារនៅក្នុងក្រសួងមហាផ្ទៃ។ ឯកឧត្តម សន្ដិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីទាំងអស់ ក្នុងអគ្គលេខាធិការដ្ឋាន ដែលកន្លងមក បានបំពេញតួនាទី និងភារកិច្ច ក្នុងនាមជាសេនាធិការឱ្យក្រសួងមហាផ្ទៃ ហើយសម្រេចបានលទ្ធផលគួរជាទីមោទនៈផងដែរ។
លើសពីនេះ ឯកឧត្តម សន្ដិបណ្ឌិត បានថ្លែងការកោតសរសើរចំពោះវិរៈភាព និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរបស់អគ្គលេខាធិការដ្ឋានទាំងអស់ បានបំពេញការងារជូនក្រសួងមហាផ្ទៃ។ ទន្ទឹមនឹងនេះ ឯកឧត្តម សន្ដិបណ្ឌិត បានធ្វើការណែនាំថ្នាក់ដឹកនាំ និងមន្ដ្រីអគ្គលេខាធិការដ្ឋានទាំងអស់ ត្រូវខិតខំបំពេញការងារ ដើម្បីឱ្យសម្រេចបានជោគជ័យបន្ថែមទៀតជូនក្រសួងមហាផ្ទៃ។