សមត្ថកិច្ច ឃាត់ខ្លួនឧក្រិដ្ឋជនឆ្លងដែននាំល្បាយគ្រឿងញៀនកូកាអ៊ីន ចូលកម្ពុជាជាង៤គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ជាជនជាតិបូលីវី នាំល្បាយគ្រឿងញៀន កូកាអ៊ីន ពីប្រទេសប្រស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀនកូកាអ៊ីនទម្ងន់៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់ក្រណាត់)។
ផ្អែកតាមការចុះផ្សាយរបស់ហ្វេសប៊ុកផ្លូវការ អគ្គស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រោយទទួលព័ត៌មានសម្ងាត់ពីទីភ្នាក់ងារអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន អាម៉េរិក(DEA) និងមន្ត្រីសហព័ន្ធប្រេស៊ីល កាលពីថ្ងៃទី១០កញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧ៈ៤៥នាទីរួចមក មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចាត់កម្លាំងជំនាញការិយាល័យ (ក១) ដឹកនាំសម្របសម្រួលដោយ លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សហការជាមួយកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចុះត្រួតពិនិត្យវ៉ាល្លីសរបស់ជនសង្ស័យឈ្មោះ ខារ៉ែន សេសៀ ឡូប៉េស វ៉ាសា KAREN CECIA LOPEZ VACA ភេទស្រី ជនជាតិបូលីវី ឆ្នាំកំណើត១៩៨៧ ដែលធ្វើដំណើរមកពី ទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ឆ្លងកាត់ឌុយបៃ បន្តមកប្តូរជើងហោះហើរនៅម៉ាឡេស៊ី រួចធ្វើដំណើរមកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងហោះហើរ MH762 ពីម៉ាឡេស៊ីភ្លាមៗ។
ជាលទ្ធិផល ក្រោយធ្វើការត្រួតពិនិត្យ រកឃើញល្បាយគ្រឿងញៀន ប្រភេទកូកាអ៊ីន (Cocaine) ចំនួន២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ មានទម្ងន់សរុប៤៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់ក្រណាត់)។ សមត្ថកិច្ចបន្តថា បច្ចុប្បន្នជនសង្ស័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី។ គួរឱ្យដឹងដែរថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងដោយ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន ៕