ប្រធានសមាគមជប៉ុន-កម្ពុជា ត្រៀមអញ្ជើញវិនិយោគិនជប៉ុន ពិសេសសហគ្រាស ធុនតូចនិងមធ្យម មកវិនិយោគ លើផ្នែកសំខាន់ៗនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្ដម Takahashi Furiaki ប្រធានសមាគមជប៉ុន-កម្ពុជា បានជម្រាបជូនសម្ដេចតេជោ ហ៊ុន សែន អំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិង មធ្យម (SMEs) មកវិនិយោគ លើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលឯកឧត្តម បានសន្ទនាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួប សម្ដែងការគួរសមជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមប្រធានសមាគម បានរាយការណ៍ជូនសម្តេចតេជោ អំពីលទ្ធផលការងារដែលសមាគម សម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអរអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
ឯកឧត្តមប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀម អញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូចនិង មធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលឯកឧត្តម បានសន្ទនា ជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្ត និងឆ្លើយតបជាវិជ្ជមានចំពោះការគាំទ្រលើការវិនិយោគ ស្របតាមច្បាប់វិនិយោគកម្ពុជា ហើយបានបញ្ជាក់អំពីគោលបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ រួមមាន (១) ការបង្កើតរោងចក្រ ដើម្បីកែច្នៃវត្ថុធាតុដើមដែលមានស្រាប់នៅកម្ពុជា និង (២) បច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រដំឡើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិក និងថាមពល ជាដើម។ សម្តេចតេជោ បានផ្ដល់តម្លៃខ្ពស់ចំពោះទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ហើយចាត់ទុកថាជាស្ពានឬស្សីដែលត្រូវថែរក្សាសម្រាប់ការតភ្ជាប់ ទោះបីជាយើងមានស្ពានបេតុង ដែលជាទំនាក់ទំនងការទូតល្អ រវាងរដ្ឋនិងរដ្ឋ ក៏ដោយ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏បានរម្លឹកដល់ភាគីមិត្តអំពីទស្សនវិស័យ នៃការកសាង សន្តិសុខស្បៀងនៅតំបន់ទន្លេមេគង្គ ដើម្បីផ្គត់ផ្គង់ខ្សែច្រវាក់ផលិតកម្ម និងគំនិតផ្ដួចផ្ដើមនៃការបង្កើតសមាគម បណ្តាប្រទេសនាំចេញអង្ករ ដើម្បីរក្សាស្ថិរភាពថ្លៃ និងមានការឯកភាពគ្នាក្នុងការផ្គត់ផ្គង់នៅលើទីផ្សារ៕